ខេត្តត្បូងឃ្មុំ ៖ កិច្ចសម្ភាសន៍ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និង លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា នាពេលនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ទៅប្រគល់ជូន លោកតា លោកយាយអាយុ ១០០ឆ្នាំឡើងដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន បានថ្លែងឲ្យដឹងថា, មកទល់នឹងព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកមកប្រគល់ជូនលោកតាលោកយាយ ដែលមានអាយុចាប់ពី ១០០ឆ្នាំដល់១១៣ ឆ្នាំ គឺមានចំនួន ៥៧នាក់ ហើយក្នុងចំណោម ៥៧នាក់ គឺមានចំនួន ៣៤នាក់ជាស្ត្រី ។ ដោយឡែកពាក់ព័ន្ធទៅលើការចាក់វ៉ាក់សាំង covid 19 លោកស្រីវេជ្ជបណ្ឌិតសូមជំរាបជូនដល់សាធារណៈជនឲ្យបានជ្រាបថា, ជាវឌ្ឍនភាពល្អប្រសើរមែនទែន ! បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គឺយើងរំកិលយ៉ាងលឿនមួយទៅកាន់ចំនួនជិត ១០លាននាក់ គឺមានកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មាន ៨៥,៧០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣៥,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ហើយ។
ដោយឡែកក្រុមមួយទៀតដែលមានវ័យចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ គឺមានល្បឿនលឿនដែរ បើតាមគោលដៅដែលយើង គិតថា ១លាន ៩សែននាក់ជាង ឬគិតថា២លាននាក់ចុះ គឺយើងបានចាក់វ៉ាក់សាំងជូនពួកគាត់ដល់ ៣៥.៧០%ហើយ។ បើសរុបប្រជាពលរដ្ឋទូទាំងប្រទេសដែលមានចំនួន ១៦លាន នាក់តែម្តង គឺយើងចាក់បាន ៥៧,៩៥%ហើយ ។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា, នេះគឺជាតួលេខមួយដែលយើងមានមោទនភាព តាមរយៈការយកចិត្តទុកដាក់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី គាត់គិតគូរខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ។ ប្រសិនបើមិនមានវត្តមានសម្តេចតេជោ និងមិនមានការគិតគូរ ដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទេនោះ ខ្ញុំគិតថាប្រជាពលរដ្ឋកម្ពុជាប្រហែលជាគ្មានវ៉ាក់សាំងចាក់ដល់ថ្ងៃនេះទេ។
លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានថ្លៃថា, ខ្ញុំសូមធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ។ លោកស្រីគិតថាសមិទ្ធផលដែលទទួលបានពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅប្រទេសកម្ពុជានេះ គឺជាសមិទ្ធផលមួយគួរឲ្យស្ញប់ស្ញែង ជាពិសេសបងប្អូនដែលងាយរងគ្រោះ បានទទួលការចាក់វ៉ាក់សាំង ។ លោកស្រីបានបន្តថា, ជាការពិតណាស់! មកដល់ពេលនេះយើងបានដឹងគ្រប់គ្នាថា , ប្រជាពលរដ្ឋកម្ពុជាជាង ៨លាននាក់បានទទួលការចាក់វ៉ាក់សាំង ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត អង្គការសុខភាពពិភពលោក បានយល់ឃើញថាប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះដោយសារជំងឺកូវីដ-១៩ នោះគឺអ្នកដែលមានវ័យចំណាស់ ប៉ុន្តែនៅប្រទេសកម្ពុជាពួកគាត់បានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំង covid 19។ ក្នុងនោះលោកស្រីសូមសរសើរដល់កម្ពុជាដែលមានក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាលរហូតដល់ជាង៩៧% បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ , ហើយថ្ងៃនេះផ្ទាល់នាងខ្ញុំក៏បាន ឃើញបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយដែលមានអាយុច្រើនបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឲ្យនាងខ្ញុំក៏ដូចជាអង្គការសុខភាពពិភពលោកមានសោមនស្សរីករាយ ។
លោកស្រីបានលើកឡើងថា, ប្រជាពលរដ្ឋកម្ពុជាបានយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំក្នុងការទៅចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសគឺរាជរដ្ឋាភិបាលបានសហការយ៉ាងល្អជាមួយនឹងស្ថាប័នផ្សេង។
លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងទៀតថា, ចំពោះមេរោគបំលែងថ្មីប្រភេទដែលតាដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ គឺមិនអាចធ្វើឱ្យប្រជាពលរដ្ឋឆ្លង ប្រសិនបើពួកយើងទាំងអស់គ្នានៅតាមបណ្ដារាជធានីខេត្ត ប្រញាប់ក្នុងការចាក់វ៉ាក់សាំងនេះឲ្យបានលឿនមុន គឺយើងមានកងការពារ មានន័យថា យើងអាចការពារនូវការឆ្លងជំងឺប្រភេទនេះបានដោយប្រសិទ្ធភាព នឹងត្រូវអនុវត្តតាមវិធានសុខាភិបាល កុំឲ្យមានការខ្វះប្រហែសឲ្យសោះ ចំពោះជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ៖ សិលា