ភ្នំពេញ៖ អ្វីៗខ្មែរអាចធ្វើបាន ចំពោះទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ស្រឡាញ់សន្តិភាព គោរពបិតាសន្តិភាព និងមាតាមនុស្សធម៌ ។ពិតជារំភើបខ្លាំងណាស់ ! ខណ: អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញផ្លែមៀនប៉ៃលិន ១ពាន់តោន ហើយលក់ចេញវិញតម្លៃតែ ១៩០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់ប្រជាកសិករដែលបានដាំផល្លានុផល ហើយរាំងស្ទះមិនអាចនាំចេញទៅប្រទេសថៃ និងប្រទេសចិនបាននោះ។
សូមបញ្ជាក់ថា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប បានមានប្រសាសន៍ថា ៖ «ការលំបាករបស់ប្រជាកសិករ ការលំបាករបស់ រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមាន ចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជា កសិករ និងរាជរដ្ឋាភិបាល ។ ដូច្នេះហើយអ្វីដែល អាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយ ទិញមៀន ឬតាង៉ែន ចំនួន ១.០០០ តោន មក ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយ លក់ក្នុងតម្លៃខាតដើម» ។
អ្នកឧកញ៉ាបញ្ជាក់ថា ខ្ញុំបាទទិញតែពីកសិករ ដាំ លក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និង កសិដ្ឋានធំៗនោះទេ ។ ខ្ញុំជឿថា ពុកម៉ែបងប្អូន ទាំងអស់គ្នាសុទ្ធតែមានបំណងចង់ជួយជ្រោម ជ្រែងប្រជាកសិករយើង ដែលកំពុងជួបប្រទះនូវ ការលំបាកដោយសារ covid-19 នេះដែលជា វិបត្តិទូទាំងពិភព លោក ។ «បើសិនជាអាចក្នុង ឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង គ្មានអ្នកណាដែលស្រលាញ់យើងជាងប្រជាជាតិ របស់យើងទេ ពាក្យថា ចង់ជួយ អ្នកណាក៏អាច និយាយបាន មានតែអំពើនៃការជួយទេទើបជា ការជួយពិតប្រាកដ មួយគ្រួសារជួយទិញ ៥ គីឡ មិនច្រើននោះទេ ដោយខ្ញុំលក់ចេញតែ ១.៩០០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ» ។
សូមជម្រាបជូនផងដែរថា , ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ប្រាប់ដល់បងប្អូនប្រជាកសិករនៅតាមបណ្ដាព្រំដែនកម្ពុជា- ថៃ អំពីបញ្ហារាំងស្ទះក្នុងការនាំចេញផ្លែមៀនឬតាង៉ែន ទៅកាន់ប្រទេសថៃ និងប្រទេសចិន ដោយសារស្ថានភាពកូវីដ-១៩ ហ្នឹងឯកសារមួយចំនួនមិនទាន់ត្រូវបានធ្វើរួចរាល់ក្នុងការបញ្ជាទិញពីប្រទេសចិន។ ដូច្នេះលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏សូមធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិ ជាពិសេសសម្រាប់បងប្អូនអាជីវករ ក្រុមហ៊ុនក្នុងស្រុក មេត្តាជួយទិញផ្លែមៀនឬតាង៉ែនរបស់ខ្មែរ ដោយខ្មែរស្រលាញ់ខ្មែរ ជួយរំលែកគ្នាក្នុងគ្រាលំបាក។ ក្នុងនោះលោករដ្ឋមន្ត្រីក៏បាន ឱ្យបងប្អូនបង្វែរការនាំផ្លែមៀន ឬ តាង៉ែននេះ នាំចេញទៅប្រទេសវៀតណាម។ និងសូមឲ្យក្រុមហ៊ុនក្នុងស្រុកប្រមូលជួយទិញដើម្បីយកមកផលិតចែកចាយលក់ក្នុងស្រុក។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានប្រកាសប្រមូលទិញផ្លែមៀនឬតាង៉ែនពីប្រជាកសិករ តាមព្រំដែនកម្ពុជា- ថៃ ក្នុងនោះសម្ដេចបានចិត្តចែងឱ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកចាត់ចែងក្នុងរឿងនេះ។ ទើបនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀង បានដឹកនាំក្រុមការងារទៅប្រមូលទិញផ្លែមានឬតាង៉ែននៅខេត្តបាត់ដំបងដែលយកទីតាំងវាលបែកចាននៃក្រុងបាត់ដំបងធ្វើជាកន្លែងទទួលទិញ។
ជាពិសេសសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចទិញផ្លែមានចំនួន ២១តោន ដើម្បីយកមកចែកជូនក្រុមគ្រូពេទ្យប្រជាពលរដ្ឋដែលកំពុងសំរាកព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្ដាខេត្តនានាផងដែរ។ ដោយឡែកក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ ទទួលបញ្ញើរក្នុងស្រុកនិងក្រៅប្រទេស បានប្រកាសជាសាធារណៈមុនគេ ក្នុងនាមខ្មែរជួយខ្មែរ គឺទទួលទិញផ្លែមានឬផ្លែតាង៉ែនពីបងប្អូនប្រជាកសិករនៅតាមព្រំដែនកម្ពុជា-ថៃចំនួន ១០០លានតោនផងដែរ ៕
ដោយ៖ សិលា