អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៍មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះថា ត្រឹមរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ អ្នកជំងឺកូវីដ-១៩ ចំនួន ៣០១នាក់បានស្លាប់ប្រចាំថ្ងៃ ខ្ពស់បំផុតថ្មីមួយទៀត,ខណៈអជ្ញាធរមូលដ្ឋាន បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ មានចំនួនរហូតដល់ ២០,៩០២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា។ជាក់ស្ដែងក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៧៥៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង១៤៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ និងអ្នកជំងឺស្លាប់នោះ ក៏មានអ្នកជំងឺចំនួន ២២,២០៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩៨៩,៨៥៩ករណី ក្នុងនោះមានអ្នកស្លាប់ ៨,៥៨៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧៧៥,៣២៧នាក់៕

ដោយ៖ស តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច