ភ្នំពេញ៖ ព័ត៌មានបឋមបានឱ្យដឹងថា មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដោយគេឃើញសំបកគ្រាប់ជាច្រើន នៅនឹងកន្លែងកើតហេតុ មានទាំងប្រភេទអាវុធវែង និងអាវុធខ្លី ដែលមានទីតាំងស្ថិតនៅចំណុចភ្លើងស្តុបព្រែកលៀប ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា គាត់ឃើញមានកម្លាំងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលជាច្រើនប្រដាប់ដោយអាវុធវែងខ្លី បានដេញតាមរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងបានឃាត់រថយន្តមួយគ្រឿង តែ
រថយន្តនោះមិនឈប់ទើបសមត្ថកិច្ចបាញ់ជាច្រើនគ្រាប់ទៅលើរថយន្តនោះ រួចហើយបាននាំរថយន្ត និងមនុស្សយកទៅបាត់ទៅ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុដដែលបានឲ្យដឹងដែរថា ករណីនេះអាចជាការបង្ក្រាបគ្រឿងញៀន។
ពាក់ព័ន្ធនឹងករណីនេះដែរភ្នាក់ងារសារព័ត៌មាននិងគេហទំព័រនគរវត្តបានទាក់ទងទៅលោកសៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វាតាមទូរស័ព្ទដែរ តែតេចូលហើយមិនមានអ្នកទទួល៕
ដោយ៖ជ្រោយពេជ្រ