ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អមដំណើរដោយ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយរុះរើធ្វើផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១៧ខ្នង ធ្ងន់ចំនួន៦ខ្នង ស្រាលចំនួន១១ខ្នង ស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ដោយសារមានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ ជាបន្តបន្ទាប់ បណ្តាលអោយខូចខាតផ្ទះ និងសម្ភារមួយចំនួន របស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលនូវទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយកសាងនិងជួសជុលឡើងវិញ។
ក្នុងឱកាសនោះលោកមេបញ្ជាការ បានជម្រាបជូនថាស្ថិតនៅក្នុងស្ថានភាពជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមួយចំនួនពិតជាជួបការលំបាកដែលត្រូវការអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ បានរួមគ្នាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្ដែង។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ វរសេនាតូចថ្មើរជើងលេខ៥១៤។
ជាចុងក្រោយនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕
ដោយ៖ សូរិយា