អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ទទួលបន្ទុក ទប់ស្កាត់ការឆ្លងកូវីដ-១៩ លោកស្រី Reisa Broto Asmoro បានបញ្ជាក់ថា គោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងជាតិ គឺត្រូវសម្រេចឲ្យបាន ការចាក់ជូនពលរដ្ឋ៥០លានដូសក្នុងរយៈពេល ៧សប្តាហ៍។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អនឡាញ លោកស្រី Reisa បានបញ្ជាក់ថា គោលដៅនៃការចាក់វ៉ាក់សាំង គឺត្រូវតែសម្រេចបាន ដោយពេលនេះឥណ្ឌូនេស៊ី មានវ៉ាក់សាំង ដល់ទៅ១៩០លានដូស ។ រដ្ឋាភិបាលបានសន្យាថានឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៤២៥ លានដូស សម្រាប់ចាក់ជូនពលរដ្ឋ ២០៨,២លាននាក់មានអាយុចាប់ពី១២ឆ្នាំឡើង ។
គិតមកដល់ថ្ងៃទី១៩ខែសីហា ឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ១៤៤លានដូសរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់(ជាវត្ថុធាតុដើមសម្រាប់ផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីផ្ទាល់) និង១៣លានដូសផលិតរួចរាល់របស់ស៊ីណូវ៉ាក់ ។ ក្រៅពីនេះ នៅមាន ៨,៨លានដូសជាប្រភេទស៊ីណូហ្វាម ៨លានដូសរបស់ ម៉ូឌីណា និង ជាង ១៦លានដូសរបស់ក្រុមហុន AstraZeneca ។ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានអនុម័តប្រើប្រាស់វ៉ាក់សាំង៥ប្រភេទ ក្នុងនោះមាន ស៊ីណូវ៉ាក់ AstraZeneca, Pfizer, Modernaនិង Novavaxសម្រាប់កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ជាតិ។ តាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ខែសីហា មានពលរដ្ឋឥណ្ឌូនេស៊ីជាង៥៥លាននាក់បានចាក់វ៉ាក់សាំងដូសទីមួយ ជាមួយគ្នានេះក៏មានពលរដ្ឋជិត ៣០លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ពីរដូស៕
ដោយ៖ធីរីណា(រូបភាព៖ AFP/TTXVN)