ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាហ្វហ្គានីស្ថានមិនខ្លាចស្លាប់នាំគ្នាធ្វើបាតុកម្មប្រឆាំងក្រុមតាលីបង់

ចែករំលែក៖

នៅថ្ងៃរំលឹកខួបទិវាឯករាជ្យ ១៨ខែសីហា មានពលរដ្ឋប្រមាណ២០០នាក់មានទាំងប្រុសទាំងស្រីបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងក្រុមតាលីបង់។ ប៉ុន្តែក្រុមបាតុករទាំងនោះត្រូវបានក្រុមតាលីបង់បំបែកភ្លាមៗដែរ។
ពលរដ្ឋបានលើកទង់ជាតិមាន៣ពណ៌ដើម្បីប្រឆាំងការគ្រប់គ្រងរបស់ក្រុមតាលីបង់ ក្រោយពេលក្រុមនេះបានគ្រប់គ្រងទឹកដីទាំងមូលនៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០២១។ ពលរដ្ឋក្នុងរដ្ឋធានីបានស្រែកនូវពាក្យស្លោកថា«ទង់ជាតិយើង អត្តសញ្ញាណយើង»។ ក្រុមតាលីបង់បានឡោមព័ទ្ធក្រុមបាតុករ ហើយបាញ់ទៅលើអាកាសដើម្បីបំបែកពួកគេ។ នៅទីលាន Abdul Haq បាតុករម្នាក់បានឡើងលើបង្គោលទង់ដើម្បីដាក់ទង់តាលីបង់ចុះ ជំនួសវិញដោយទង់ជាតិអាហ្វហ្គានីស្ថានវិញ។
នៅក្នុងសកម្មភាពបំបែកក្រុមបាតុករ នៅរដ្ឋធានីកាប៊ុល ក្រុមតាលីបង់ បានប្រើប្រាស់ដំបងវាយប្រហារបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់និង៦នាក់ទៀតរងរបួស ។ អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh បានបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់សកម្មភាពធ្វើបាតុកម្មរបស់ពលរដ្ឋ។
ក្នុងពេលដណ្តើមបានការគ្រប់គ្រងប្រទេស ក្រុមតាលីបង់ពិតជាជួបផលលំបាកយ៉ាងខ្លាំងនៅក្នុងការដឹកនាំ។ ក្រុមតាលីបង់បានប្រកាសថានឹងលើកលែងទោសដល់អតីតមន្ត្រីអាហ្វហ្គានីស្ថានទាំងអស់ ហើយគោរពសិទ្ធិស្ត្រី ។ ប៉ុន្តែការបំបែកក្រុមបាតុករដោយប្រើហិង្សាបង្កឲ្យមានការមន្ទិលសង្ស័យទៅលើការសន្យារបស់ក្រុមតាលីបង់ ។

ពលរដ្ឋជាច្រើនបង្ហាញក្តីបារម្ភខ្លាចប្រវត្តិសាស្ត្រឃោរឃៅនៃរបបតាលីបង់ត្រឡប់មកវិញ ៕ដោយ៖ ធីរីណា

រូបថត៖ News York Time

រូបថត៖Reuters.


ចែករំលែក៖