ខេត្តកំពង់ចាម៖ បើយោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម សូមគោរពរាយការណ៍ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អោយដឹងថា, កន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូ ត្រូវបានអ្នកភូមិចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ ហើយបានយកទៅប្រគល់មន្ត្រីជំនាញ ដេីម្បី ធ្វេីការអភិរក្ស ។
យោងតាម លោក អ៊ុក ណារិន នាយខណ្ឌជលផល ខេត្តកំពង់ចាម បានឲ្យដឹងថា សត្វកន្ធាយយក្ស ១ក្បាល នេះ គឺជាប្រភេទកន្ធាយ ដែលគេ ហៅឈ្មោះថា កន្ធាយពូជអាស៉ី (Cartilaginea Asiatic soft-shell turtle) ហេីយវាសត្វកម្រ និងជិតផុតពូជអស់ហេីយ ។ លោកបញ្ជាក់ទៀតថា កន្ធាយអាស៉ីញី ១ក្បាលនេះ មានទម្ងន់ ៣៣.៩គីឡូក្រាម ហេីយមិនងាយមានអាយុកាលបានធំប៉ុណ្ណឹងឡើយ ព្រោះកន្ធាយមួយក្បាលនេះ រស់នៅក្នុងទឹកបឹង ដែលគេហៅបឹងស្នាយ ស្ថិតក្នុងភូមិតាណេង សង្កាតសំបួរមាស ក្រុងកំពង់ចាម ។
លោកនាយខណ្ឌជលផល ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា ក្រោយពីអ្នកភូមិនេសាទ ចាប់បានកន្ធាយយក្សនេះ ក៏បានយកមកប្រគល់ខណ្ឌរដ្ឋបាលជលផល ហើយលោកនឹងនាំយកទៅប្រគល់ជូនក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បី ធ្វេីប្រលែងនៅតំបន់ដែលមានសុវត្ថិភាព និងអភិរក្សបន្តទៀត កុំឲ្យពូជសត្វដ៏កម្រនេះ រង់ការផុតពូជ ៕
ដោយ៖ សិលា