ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឆាំងតាលីបង់ដណ្តើមបានការគ្រប់គ្រងខេត្តភាគខាងជើងអាហ្វហ្គានីស្ថាន

ចែករំលែក៖

ក្រុមតាលីបង់កន្លងមកបានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីរដ្ឋាភិបាលស៊ីវិលគាំទ្រដោយប្រទេសលោកខាងលិច ។

ក្រោយក្រុមតាលីបង់ទទួលបានជោគជ័យគ្រប់គ្រងប្រទេសទាំងស្រុង ពេលនេះមានក្រុមប្រឆាំងមួយទៀតបានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីក្រុមតាលីបង់វិញ ។
ប្រភពព័ត៌មានពីខេត្ត Baghlan ស្ថិតនៅភាពឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកម្លាំងប្រឆាំងក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងក្រោយប៉ះទង្គិចគ្នាដោយអាវុធ ។
តាមសារព័ត៌មាន Sputnik បានដកស្រង់សម្តីលោក Bismillah Mohammadi ជារដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋាភិបាលចាស់អាហ្វហ្គានីស្ថានបានឱ្យដឹងថា ក្រុមប្រឆាំងពួកតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងស្រុកចំនួនបី គឺ Pul-e-Hesar, Deh Salah និង Banu ក្នុងខេត្ត Baghlan ។
សារព័ត៌មាន Herat Times បានថតរូបភាពស្តីពីក្រុមប្រឆាំងតាលីបង់ គ្រវីទង់របស់ខ្លួនក្រោយការគ្រប់គ្រងបានស្រុក Deh-Salah ។ ក្នុងពេលនេះដែរក្រុមតាលីបង់មិនទាន់លើកឡើងអ្វីជុំវិញបញ្ហាខាងលើនៅឡើយទេ។
ពាក់ព័ន្ធនឹងស្ថានភាពនៅអាហ្វហ្គានីស្ថាននាពេលនេះដែរ ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងប្រទេសបានប្រកាសនៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះថា ពួកគេចង់កសាងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសទាំងអស់នៅលើពិភពលោកនេះ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
លោក Mullah Abdul Ghani Baradar ប្រធាននយោបាយនៃក្រុមតាលីបង់បានលើកឡើងតាមរយៈគណនី Twitter យ៉ាងដូច្នេះថា «ប្រទេសអេមីរ៉ាត់អ៊ិស្លាមអាហ្វហ្គានីស្ថានចង់បានទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសទាំងអស់ ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង»។ ប្រទេសអេមីរ៉ាត់អ៊ិស្លាមអាហ្វហ្គានីស្ថាន គឺជាឈ្មោះផ្លូវការដែលក្រុមតាលីបង់បានដាក់ឲ្យប្រទេសអាហ្វហ្គានីស្ថាន។
លោក Baradar ក៏បានច្រានចោលផងដែរ ចំពោះសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនដែលថា ក្រុមតាលីបង់មិនចង់បង្កើតទំនាក់ទំនងពាណិជ្ជកម្ម ឬការទូតជាមួយសហរដ្ឋអាមេរិកនោះ។ លោក Baradar សង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងមិនដែលនិយាយអំពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសណាមួយឡើយ។ ការផ្សព្វផ្សាយបែបនេះត្រឹមតែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ… វាមិនមែនជាការណ៍ពិតឡើយ»៕ដោយ៖ធីរីណា

រូបថត៖Sputnik.

រូបថត៖Reuters


ចែករំលែក៖