ព័ត៌មានទាន់ហេតុការណ៍៖

តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យម្ចាស់យានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ, ខ.ម និង ន.ប មកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់ !

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់អោយដឹងថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្តកម្ពុជា បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឲ្យយានយន្តឯកជនជ្រកក្រោមស្លាក ,លេខរដ្ឋ ,ផ្លាកលេខ ខ.ម ,និង ន.ប ដែលមានចង្កួតឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ ត្រូវបង់ពន្ធលើមធ្យោយបាយ ដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា , យានយន្តនាំចូលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីក្រុមទំនិញនេះ ដើរតួនាទីជាងពាក់កណ្តាល (៥៣%) នៃចំណូលសរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ, ឆ្នាំ២០២០ តួលេខនេះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ-១៩។

សូមជម្រាបជូនថា, លិខិតរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើសុំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចចារយល់ព្រម លើការស្នើទាំង៥ចំណុចរួមមាន៖

ទី១-ចំពោះយានយន្តឯកជន ក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្តមួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះ ពុំមែនមានន័យថា ម្ចាស់យានយន្តបានរួចផុតពី កាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

ទី២- អគ្គនាយកដ្ឋានពន្ធដារ រៀបចំបញ្ជីលម្អិតយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ លេខ ខម និងនប អំពីភិនភាគសម្គាល់យានយន្ត និងអំពីម្ចាស់យានយន្ត ជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចាត់វិធានការបន្តខាងផ្នែកពន្ធ និងអាករនាំចូល។

ទី៣-អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវគាំទ្រកម្លាំងរបស់គយ ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំចូលមកកម្ពុជា។

ទី៤-គ្រប់ក្រសួង និងស្ថាប័នត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយហាមឃាត់ការនាំចូល និងប្រើប្រាស់រថយន្តចង្កូតស្តាំ (លើកលែងតែមានការ អនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេសដូចជា រថយន្តអគ្គិភ័យ រថយន្តដឹកសំរាម ជាដើម) ដោយមិនត្រូវពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទម្រង់ណាមួយ ក្នុងការ «ទទួលស្គាល់» រថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តខុសច្បាប់។ ក្នុងករណីរកឃើញបុគ្គលដែលមានការពាក់ព័ន្ធខាងលើត្រង់ចំណុចនេះ បុគ្គលនោះត្រូវទទួលរងទោសទណ្ឌតាមច្បាប់ជាធរមាន។

ទី៥-អនុញ្ញាតឲ្យបង់ពន្ធ និងអាករនាំចូលចំពោះរថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ជាលើកចុងក្រោយ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឲ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ការអនុញ្ញាតនេះ មានឱសានវាទត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ ។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាននឹងតម្រូវឲ្យដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។
ដោយឡែក អគ្គនាយកដ្ឋានពន្ធដារ កម្ពុជា ក៏បង្ហាញពីករណី បង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១ តាមរយៈទូរស័ព្ទដៃ ក្នុងកម្មវិធី GDT Taxpayer App
មើលវីដេអូណែនាំ៖ https://youtu.be/INEV2Fp2E3U
👉🏻ដើម្បីទទួលបានព័ត៌មានជាផ្លូវការពីពន្ធដារកម្ពុជាចុចទីនេះ! JOIN⏬
👉🏻ជជែកជាមួយសេវាកម្មអេឡិចត្រូនិកពន្ធដារ
សូមចុចទីនេះ!⏬ ៕

ដោយ ៖ សិលា


ចែករំលែក៖