ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់បានសម្រាលកូននៅលើយន្តហោះអាមេរិក ដឹកជនជាតិអាហ្វហ្គានីស្ថានដែលបានចាកចេញពីប្រទេស ក្រោយតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសបាន។ ទារិកាបានកើតមកពេលយន្តហោះត្រៀមចុះចតនៅក្នុងអាកាសយានដ្ឋានទាហានអាកាស Ramstein ប្រទេសអាល្លឺម៉ង់នាថ្ងៃទី២១ខែសីហា ។
នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter នាថ្ងៃទី២២ខែសីហាកម្លាំងទាហានអាកាសអាមេរិកបានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះបានបែកទឹកភ្លោះនៅលើយន្តហោះដឹកជញ្ជូន C-17 ដែលជាជើងហោះហើរលើកទីពីរ ដឹកពលរដ្ឋអាហ្វហ្គានីស្ថានដែលបានរត់ចេញពីប្រទេសនេះ។
កម្លាំងទាហានអាកាសអាមេរិកបានឱ្យដឹងថា ស្ត្រីជាម្តាយបានចាប់ផ្តើមឈឺពោះពេលយន្តហោះហោះហើរក្នុងកម្ពស់៨.៥៩៩ម៉ែត្របង្កឲ្យមានសម្ពាធខ្យល់ទាប។ អាកាសយានិកក៏បានសម្រេចហោះហើរក្នុងកម្ពស់ទាបវិញ ដើម្បីបង្កើនសម្ពាធខ្យល់ជួយឲ្យមានស្ថិរភាពបរិយាកាសងាយស្រួលជួយស្ត្រីមានផ្ទៃពោះសម្រាលកូន។
លោក Hank Taylor មន្ត្រីយោធាអាមេរិកបានឱ្យដឹងថា យន្តហោះC-17បានដឹកជនជាតិអាហ្វហ្គានីស្ថានចេញពីទីតាំងទាហានអាកាសនៅកាតារទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីកាត់បន្ថយចំនួនមនុស្សច្រើននៅទីនោះ៕ដោយ៖ ធីរីណា
រូបថត៖US Air Force.