ខេតសៀមរាប៖ មន្ទីរពេទ្យខេត្តសៀមរាបនឹងក្លាយជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រឹតធ្ងន់ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប ! លោកបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាសអញ្ជើញទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ សីហាឆ្នាំ២០២១ម្សិលមុិញនេះបានថ្លែងថា, បើទោះជាកម្ពុជាកំពុងស្ថិតក្រោមការថយចុះ នៃការឆ្លងជំងឺកូវីដ-១៩ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាកសាំងគ្របដណ្តប់ជិតគ្រប់ផែនការទៅហើយក្តី ក៏ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ ថ្មីបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជម្ងឺកំរឹតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះ ត្រៀមបង្ការរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។
មន្ទីរព្យាបាលជម្ងឺកូវីដ-១៩ កំរឹតធ្ងន់ នេះមាន ចំនួន ៤០០គ្រែ កំពុងដំណើរការរៀបចំជិតរួចរាល់ហើយ។ ឧបករណ៍សម្ភារ:វេជ្ជសាស្រ្ត ដែលត្រូវបំពាក់ ក៏បានដឹកជញ្ជូនមកដល់មន្ទីរព្យាបាលហើយ ។
មន្ទីរព្យាបាលជម្ងឺកូវីដ-១៩ កំរឹតធ្ងន់ នេះគឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់សម្រាប់ថ្នាក់តំបន់ ក្នុងនោះអ្នកជម្ងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាល រួមមានខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា, បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានចំនួន ៩៩៩នាក់ (ស្ត្រី ៤៩០នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត។ នេះបើយោងតាមការប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ៕
ដោយ៖ សិលា