ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីការទទួលវ៉ាក់សាំង SARS-CoV-2 (Sinopharm) ចំនួន ១០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទទួលវ៉ាក់សាំង SARS-CoV-2 (Sinopham) ពីសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុជាព្រះប្រធានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា វ៉ាក់សាំងប្រភេទ SARS-CoV-2 (Sinopharm) ចំនួន ១០០.០០០ ដូស ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ផ្ដល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៧:០០ ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១នេះ។

ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV-2 (Sinopharm) ពីសមាគមជាតិ កាកបាទក្រហមចិន ជូនដល់កាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់កាកបាទក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ នៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ព្រមទាំងការបន្តអនុវត្ត ៣ការពារ និង៣កុំ ដែលជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមានការចូលរួម និងសហការយ៉ាង ស្អិតរមួតពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាបន្តខិតខំចូលរួម និងសហការ ជាមួយនឹងរាជរដ្ឋាភិបាល ឱ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈ ការចូលរួមចំណែកអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ឱ្យអនុវត្តវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល៕

ដោយ៖ សិលា


ចែករំលែក៖