ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ គឺបានមកពីគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បី ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩»។ នេះបើយោងតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
ចំពោះការថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកអភិបាលខេត្ត បានបន្តថា វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានមួយផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គលដែលបានចាក់ហើយក៏ដោយ ក៏អ្នកជំងឺមិនអាការៈធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។
លោកអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការ នាពេលនេះដែរ គឺធ្វើឡើងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី២៣ខែសីហា ឆ្នាំ២០២១ តទៅនេះ។
ការចាក់វ៉ាកសាំងជូនកុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងខេត្ត រៀបចំចាប់ផ្តើមចាក់ពីថ្ងៃនេះតទៅតាមមណ្ឌលសុខភាពទាំង៦៥ ឃុំ/សង្កាត់ ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខាងលើ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ការប្រើអាល់កុលជែលលាងដៃ និងម៉ាស់។
ទន្ទឹមនោះដែរ ក្រោយទទួលបានវ៉ាក់សាំងបង្ការរួចហើយ សូមប្អូនៗ ក្មួយៗ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវនេះ ខណៈដែល នាបច្ចុប្បន្ន វីរុសបម្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោក គួរឱ្យព្រួយបារម្ភផងដែរ៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច