ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី ៖​ មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃចន្ទទី​២៣ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ដោយ​​បញ្ជាក់​ថា៖​ មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីផលប្រយោជន៌ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប។

កងកម្លាំង ដែលក្នុងនោះរួមមាន បងៗ ពូៗប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុនCoVID19 ក្នុងពេល CoVID19 ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។

បន្ថែមពីនេះ​ លោក​ ហ៊ុន​ ម៉ានី​ បានគូសបញ្ជាក់ថា​ ក្នុងនាមក្រុមគ្រួសាររបស់ខ្ញុំ និងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយគ្រួសារនៃរាជធានីភ្នំពេញ ខ្ញុំសូមថ្លែងអំណរគុណ និងបង្ហាញនូវការដឹងគុណ តាមរយៈការជួយឧបត្ថម្ភសម្ភារៈខ្លះៗ ដល់បងៗ ពូៗប្រជាការពារតាមបណ្តាខណ្ឌ និងសង្កាត់ក្នុងទូទាំងរាជធានីភ្នំពេញនាពេលនេះ៕

ដោយ​៖សហការី​


ចែករំលែក៖