ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខកន្លះឆ្នាំ តារាចម្រៀងកូនកាត់ខ្មែរ កូរ៉េ គីម មីនយុន ត្រៀមបញ្ចេញស្នាដៃថ្មី

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីស្ងាត់បាត់មុខពីសិល្បៈមួយរយៈពេលមក ស្រាប់តែពេលនេះតារាចម្រៀងកូនកាត់កូរ៉េ លោក គីម មីនយុន ត្រូវបាន Chanel Film Media ប្រកាសពីគម្រោងវិលវិញជាមួយនឹងស្នាដៃថ្មីដ៏គួរឲ្យភ្ញាក់ផ្អើល។ ការប្រកាសនេះបានធ្វើឡើងក្រោយពីលោកគីម មីនយុន ខកខានក្នុងការបង្ហាញវត្តមានជាមួយនឹងស្នាដៃបទចម្រៀងថ្មីប្រមាណកន្លះឆ្នាំមកហើយ។ 

  ទស្សនិកជនខ្លះអាចនៅចាំបានថា ៦ខែមុននេះកំលោះសង្ហារូបនេះធ្លាប់បានបញ្ចេញបទចម្រៀងពីរោះរណ្តំចិត្តមួយបទដែលជាបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅពិីរោះរណ្តំចិត្តមានចំណងជើងថា “Miss You” សា្តប់ហើយស្លុងអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀង។ បទនេះត្រូវបានបញ្ចេញនៅលើ Chanel Film Media និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ជាបទចម្រៀងមនោសញ្ចេតនាដែលអាចនាំអារម្មណ៍អ្នកស្តាប់ឲ្យអណ្តែតអណ្តូងតាមអត្ថន័យនៃបទចម្រៀងនោះ។ 

  តាមការប្រកាសរបស់គណនីហ្វេសប៊ុក Chanel Film Media បានបញ្ជាក់ថាតារារូបនេះគ្រោងនឹងបញ្ចេញស្នាដៃថ្មីមួយចំនួនក្នុងពេលដ៏ខ្លីខាងមុខ។ ប្រភពពីក្រុមការងារបានបញ្ជាក់ថា លោក គីម 

មីនយុន បានខកខានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនមែន ប៉ុន្តែនៅឆាកតន្ត្រីចុងសប្តាហ៍របស់ទូរទស្សន៍នានាលោកនៅបង្ហាញមុខ និងការងារជាគ្រូបង្ហាត់រាំK-Pop នៅក្នុងក្លិបព្រះកាយចន្ទដដែល។ មានការលើកឡើងថា តារាប្រុសរូបនេះគ្រោងបញ្ចេញបទថ្មីទាំងជាបទមនោសញ្ចេតនា និងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍អមដោយក្បាច់រាំយ៉ាងពិសេសសម្រាប់បំពេញចិត្តអ្នកគាំទ្រ។

មានការលើកឡើងដែរថា ពេលនេះតារាចម្រៀងវ័យ៣០ឆ្នាំរូបនេះបាននិងកំពុងហ្វឹងហាត់ទាំងការច្រៀង និងរាំជាពិសេសដើម្បីបំបែកភាពស្ងប់ស្ងាត់ និងដើម្បីពង្រីកទីផ្សារឡើងវិញផងដែរ ដែលគេជឿជាក់ថា ទាំងសមត្ថភាព និងរូបសម្រស់ស្រស់សង្ហារបស់លោកមិនពិបាកនឹងទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនឡើយ។ 

  គួរបញ្ជាក់ដែរថាគីម មីនយុន ជាតារាកូនកាត់ខ្មែរ-កូរ៉េ ដែលគេធ្លាប់បានស្គាល់ជាច្រើនឆ្នាំក្រោយពីលោកលេចមុខក្នុងវិស័យសិល្បៈផ្នែកចម្រៀង ហើយលោកក៏ជាគ្រូបង្ហាត់រាំបែបK-Pop របស់ក្លិបសិល្បៈព្រះកាយចន្ទផងដែរ៕  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖