ភ្នំពេញ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារតែធុងហ្គាសទម្ងន់ ១៥គីឡូក្រាមបានធ្លាយក្លាយជាអគ្គិភ័យឆាបឆេះ ខណៈដែលកំពុងដាក់កម្តៅសម្លដើម្បីរៀបចំហូបចុកបន្ទាប់ពីបានសែនក្បាលទឹករួច។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់នគរបាល បានឱ្យដឹងថា ជនរងគ្រោះនៅក្នុងការផ្ទុះចង្ក្រានហ្គាសនេះ ឈ្មោះ វ៉ន សោភណ្ឌ ភេទស្រី អាយុ៤៥ឆ្នាំ ជាអ្នកលក់ដូរ និងជាម្ចាស់ផ្ទះខាងលើ បានរងរបួសស្រាល, ឈ្មោះ វ៉ាន់ ពីត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បានរងរបួសធ្ងន់ និង ឈ្មោះ លី ណាធី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ បានរងរបួសធ្ងន់។ ជនរងគ្រោះទាំង៣នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានដដែលបានបន្តថា ក្នុងករណីនេះ បន្ទាប់ពីចប់សែនក្បាលទឹករួចរាល់ ជនរងគ្រោះ ឈ្មោះ វ៉ាន់ ពីត និងឈ្មោះ លី ណាធី បានទៅលេងផ្ទះឈ្មោះវ៉ន សោភណ្ឌ ហើយនៅវេលារសៀលនោះ ម្ចាស់ផ្ទះឈ្មោះ វ៉ន សោភណ្ឌ ក៏បានរៀបចំកម្តៅសម្លដើម្បីជួបជុំភ្ញៀវហូបបាយ ស្រាប់តែផ្ទុះហ្គាសធុងចំណុះ ១៥គីឡូក្រាម បង្កជាអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាលចំនួន ៣នាក់នោះតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ ហើយបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់ទាន់ពេលវេលា។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ករណីនេះនៅមិនទាន់ដឹងថាបណ្តាលមកពីអ្វីនោះទេ បានជាផ្ទុះចង្ក្រានហ្គាសបែបនេះ ប៉ុន្តែមានការសង្ស័យថា ប្រហែលជាធ្លាយទុយយោហ្គាស ទើបបណ្តាលផ្ទុះចង្ក្រានឆាបឆេះតែម្តង៕
ដោយ៖ជ្រោយពេជ្រ