ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់បានប្រើល្បិចធ្វើជាខ្ចីម៉ូតូគេជិះដោយប្រាប់ម្ចាស់ម៉ូតូថា ខ្ចីជិះទៅទិញបន្លែមួយភ្លែត តែបែរជាយកម៉ូតូគេនោះទៅដោះដូរជាថ្នាំញៀនទៅវិញ ប៉ុន្តែបានប្រមាណជាង១០ថ្ងៃក្រោយមក ជនរូបនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។ ករណីក្បត់ទំនុកចិត្តនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទីនៅភូមិព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ផុន ចន្ថា ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ធី កក្កដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិ ឃុំ កើតហេតុជាមួយគ្នា។ ដោយឡែកសម្ភារបាត់បង់មានម៉ូតូចំនួន០១គ្រឿងម៉ាក SUZUKI SMASH ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-6435។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ ជនសង្ស័យបានខ្ចីម៉ូតូម៉ាក SUZUKI SMASH ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-6435 ពីឈ្មោះ រ៉ុន រ័ត្នពិសី ភេទប្រុស ត្រូវជាកូនជនរងគ្រោះ ថាខ្ចីជិះទៅទិញបន្លែមួយភ្លែត។ បន្ទាប់ពីខ្ចីបានហើយ ជនសង្ស័យក៏ជិះទៅបាត់តែម្ដង ដោយពុំយកម៉ូតូនោះមកប្រគល់ឲ្យម្ចាស់វិញទេ។ លុះមកដល់ថ្ងៃទី២២ខែសីហាឆ្នាំ២០២១ ជនរងគ្រោះបានឃើញជនសង្ស័យ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ខណៈបានម៉ូតូហើយ ក៏ជិះយកទៅដូរថ្នាំញៀនពីជនម្នាក់ ស្មើនឹងតម្លៃ៤០ម៉ឺនរៀល រួចហើយយកទៅជក់ជាមួយមិត្តភក្តិ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ