ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពី លោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ BIDC ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀង ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះរបស់វិស័យឯកជននាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។ ជាពិសេស សម្រាប់ត្រៀមបម្រុងទុក្ខផ្គត់ផ្គង់ដល់បងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង ក្នុងការធ្វើចត្តាឡីស័កនៅតាមផ្ទះនៅមូលដ្ឋានរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ។ក្នុងជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះរួមមាន៖ ១. អង្ករ ១០តោន មី ៦០០កេសតូច ៕
ដោយ៖ សហការី