ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា “ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ (ជួយគ្នាក្នុងគ្រាលំបាក-មិត្តដែកថែប) !

ចែករំលែក៖

ភ្នំពេញ៖ “ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ (ជួយគ្នាក្នុងគ្រាលំបាក-មិត្តដែកថែប) ! ។ លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ។
លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងបន្តថា, ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ ដោយលោកបញ្ជាក់ថា, ចិនតែងតែចាត់ទុកការលំបាករបស់ប្រជាជនកម្ពុជា ជាការលំបាករបស់ប្រជាជនចិន ក្នុងនាមជាមិត្តដែកថែប ចិននៅតែជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ។
លោក ឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាជាបន្តបន្ទាប់ មានជាជំនួយឥតសំណង និងការបញ្ជាទិញរបស់ភាគីកម្ពុជា។
ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។
ករណីដោយឡែកមួយទៀត ! កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុជាព្រះប្រធានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា វ៉ាក់សាំងប្រភេទ SARS-CoV-2 (Sinopharm) ចំនួន ១០០.០០០ ដូស ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ផ្ដល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៧:០០ ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១នេះ។

ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV-2 (Sinopharm) ពីសមាគមជាតិ កាកបាទក្រហមចិន ជូនដល់កាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់កាកបាទក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖