ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ​ឃាត់ខ្លួនជនសង្ស័យម្នាក់​ពីបទលួច​រថយន្តម៉ាក FORD RANGER​

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយករថយន្តម៉ាក FORD RANGERរបស់គេបើកគេចមិនបានប៉ុន្មានម៉ែត្រផង​ ក៏ត្រូវជនរងគ្រោះឃេីញរត់ដេញតាមនិងស្រែកឲ្យសមត្ថកិច្ចជួយឃាត់បានភ្លាមៗ​ កាលពីវេលាម៉ោង១៩និង៥០នាទី​ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១០៧ ផ្លូវលេខ៧ បុរីពិភពថ្មី ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ កន វិស័យ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ១៣៨E ផ្លូវលេខ៣៦៤ ក្នុងភូមិ៧ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។​

ចំណែកជនសង្ស័យមានឈ្មោះ ពៅ បណ្តូលពេជ្រ ហៅ ដា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២២ ផ្លូវលេខ៣ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ១-រថយន្តម៉ាក FORD RANGER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AT-3300 មានលេខតួ 527041 និងលេខម៉ាស៊ីន2144509 ចំនួន០១គ្រឿង, ២-កាំបិតប៉័ងតោចំនួន០១។
សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ កន វិស័យ ភេទប្រុស អាយុ៣២ឆ្នាំ បានបើករថយន្ត០១គ្រឿងម៉ាក FORD RANGER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AT-3300 ចេញពីកន្លែងរណ្តៅដីនៅម្តុំបឹងតាមោក ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនគូដណ្តឹងឈ្មោះ អុឹង មករា អាយុ២៧ឆ្នាំ មកផ្ទះលេខ១០៧ ផ្លូវលេខ៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលមកដល់ជនរងគ្រោះក៏បានចុះពីលើរថយន្តជូនគូដណ្តឹងចូលផ្ទះ ដោយមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ រហូតដល់វេលាម៉ោង១៩និង៥០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានដើរចេញមករករថយន្តវិញក៏បានឃើញជនសង្ស័យខាងលេីលួចបើករថយន្តរបស់ខ្លួនទៅមុខ ហើយជនរងគ្រោះក៏បានរត់ទៅតាមបើកទ្វាររថយន្តចាប់ទាញជនសង្ស័យ ចេញពីលើរថយន្តបានឃើញកាំបិតប៉័ងតោចំនួន០១ដែលជនសង្ស័យទុកនៅក្បែរចង្កឹះលេខរថយន្ត ហើយជនរងគ្រោះក៏បានស្រែកឆោឡោឱ្យគេជួយ ។ ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះស្រាប់បានជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ១-រថយន្តម៉ាក​FORD RANGER ,២-កាំបិតប៉័ងតោចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរ​បាលរដ្ឋបាលដង្កោ​តាមនីតិវិធី​ ។

បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេី​ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ​ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖