ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុងនៅ​ជើងភ្នំគូលែន​

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអត្ថបទ និងរូបភាពពី៖ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃក្រសួងវប្បធម៌ វិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងថា, ក្រុម​អ្នក​បច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ​របស់អាជ្ញាធរជាតិអប្សរា បានចាត់​វិធាន​ការ​ទល់ទ្រ ពង្រឹង ដើម្បី​ជួយ​សង្រ្គោះ​ប្រាសាទ​តាដុង ឱ្យជៀសផុតពីហានិភ័យ ​ជាដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហោះនៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

មន្ត្រីជំនាញបានដកស្រង់សំដី ,លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ​នៃ​អាជ្ញាធរជាតិអប្សរា បាន​ឱ្យដឹងថា, ដោយមើលឃើញ​​​ហានិភ័យរបស់ប្រាសាទតាដុង ទើបក្រុមអ្នក​បច្ចេកទេស​នៃ​​អាជ្ញាធរ​ជាតិ​អប្សរាបាន​ចាប់ផ្ដើម​រៀបចំ​ទល់ទ្រសង្រ្គោះបន្ទាន់ នៅតាម​ផ្នែកជញ្ជាំងខាងកើត ដែល​បម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ លើសពីនេះ ក្រុមអ្នក​បច្ចេកទេស​ក៏​បានធ្វើ​ការ​សិក្សា និងលើក​គម្រោងជួសជុល ដើម្បីលើកតម្លៃប្រាសាទតាដុងសម្រាប់ផែនការឆ្នាំខាងមុខ។

សូមបញ្ជាក់ថា ប្រាសាទតាដុង កសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ក្នុង​រចនាបទគូលែន នាអំឡុង​សតវត្សទី៩នៃគ.ស ស្ថិតនៅភាគ​ខាងកើតនៃ​ជម្រាលជើងភ្នំគូលែន មានទីតាំងនៅក្នុងភូមិជប់លើ ឃុំស្វាយ​លើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់​ប្រាសាទឥដ្ឋនេះបានពុកផុយ ជ្រុះធ្លាក់ ដោ​យ​សារតែមាន​ដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ ចំណែក រួតទី១ផ្នែកខាងកើតក៏ជ្រុះ​ធ្លាក់​ដោយ​សារដើមឈើ​រលំលើ បណ្ដាលឱ្យមាន​​ស្នាមប្រេះហែក ជញ្ជាំង​ទាំងបី​ជ្រុង​៕

ដោយ៖ សិលា


ចែករំលែក៖