កម្លាំងទាហានអាកាសអុីស្រាអែល កាលពីយប់ថ្ងៃទី២៣ខែសីហាបានបើកការវាយប្រហារទៅលើទីតាំងនៅក្នុងតំបន់កាហ្សា ក្រោយ ពីមានករណីប៉េងប៉ោងហោះផ្ទុកគ្រាប់រំសេវបង្ហោះចេញពីតំបន់ឆ្នេរសមុទ្រ បង្កឲ្យមានការឆាបឆេះទីប្រជុំជនក្នុងតំបន់ព្រំដែន។
កម្លាំងការពារអុីស្រាអែលIDF បានបើកការវាយប្រហារពីលើដែនអាកាសទៅលើទីតាំងនានាទាំងកណ្តាលយប់នៅកាហ្សា។
សូមបញ្ជាក់ផងដែរថា ក្រុមជ្រុលនិយមនៅកាហ្សាបានបង្ហោះប៉េងប៉ោងផ្ទុករំសេវផ្ទុះបង្កឲ្យមានការឆាបឆេះដល់ទៅ៩កន្លែង។
កម្លាំងទាហានអុីស្រាអែល បានឲ្យដឹងថា ពួកគេបានវាយប្រហារទៅលើទីតាំងផលិតអាវុធរបស់ក្រុមហាម៉ាស់នៅស្រុក Khan Younis និងផ្លូវចូលរូងក្រោមដី នៅ Jabalia ស្ថិតនៅក្នុងទីក្រុងរបស់ប៉ាឡេស្ទីនមានចម្ងាយពីតំបន់កាហ្សាតែ ៤គីឡូម៉ែត្រប៉ុណ្ណោះ ។ ក្រៅពីនេះ កម្លាំងទាហានអាកាសអុីស្រាអែល ក៏បានវាយប្រហារទៅលើទីតាំង ដាក់ពង្រាយជើងទម្រង់បាញ់មីស៊ីល រ៉ុក្កែត នៅតំបន់ជិតទីប្រជុំជន និងជិតសាលារៀននៅកាហ្សាផងដែរ។
ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហាររបស់អុីស្រាអែល មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ប៉ុន្តែបានបំផ្លាញទ្រព្យសម្បត្តិជាច្រើន។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់លោក Ismail Radwan បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហាររបស់ទាហានអាកាសអុីស្រាអែលកាលពីយប់ថ្ងៃទី២៣ខែសីហា ។ លោកបានលើកឡើងទៀតថា ក្រុមហាម៉ាស់មិនខ្លាចរអាដល់សកម្មភាពវាយប្រហាររបស់អុីស្រាអែលនោះឡើយ៕
ដោយ៖ធីរីណា(រូបភាព៖ AFP)