ខ្សែប្រយុទ្ធ Son Heung-min ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ការប្រកួតបើកឆាកពីរប្រកួតនៃវគ្គជម្រុះ World Cup នៅទ្វីបអាស៊ីបើទោះបីជាមានបញ្ហារបួស បន្ទាប់ពីជួយឲ្យក្រុម Tottenham Hotspur យកឈ្នះ Wolverhampton Wanderers ១-០ ក៏ដោយ។
កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានជំនួសដោយ Harry Kane នៅនាទីទី៧២នៅកីឡដ្ឋាន Molineux កាលពីថ្ងៃអាទិត្យ ខណៈដែល Spurs បានកត់ត្រាជ័យជម្នះជាលើកទី២ជាប់ៗគ្នារបស់ពួកគេនៅក្នុងការចាប់ផ្តើមដ៏ល្អសម្រាប់រដូវកាលថ្មីនៅ Premier League ។
អ្នកចាត់ការក្រុម Tottenham លោក Nuno Espirito Santo បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកួតថា “ឥឡូវនេះគាត់មិនអីទេ។ នៅក្នុងការប្រកួតកម្តៅសាច់ដុំគាត់មានអារម្មណ៍ចម្លែក ប៉ុន្តែគាត់មិនអីទេក្នុងការលេង ខ្ញុំមិនដឹងទេសូមវាយតម្លៃគាត់ចុះ” ។
គ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងលោក Paulo Bento បានដាក់ឈ្មោះ Son Heung-min នៅក្នុងក្រុមរបស់លោកចំនួន២៦នាក់កាលពីថ្ងៃចន្ទសម្រាប់ការប្រកួតជាមួយអុីរ៉ាក់ និងលីបង់ដែលនឹងត្រូវប្រកួតនៅថ្ងៃទី២ ខែកញ្ញា និងថ្ងៃទី៧ ខែកញ្ញា ។ លោក Bento បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “Son Heung-min សម្រាប់ខ្ញុំស្ថិតក្នុងស្ថានភាពល្អដូចដែលខ្ញុំដឹងថាគាត់មិនមានបញ្ហាអ្វីទេ។ នៅក្នុងការប្រកួតដំបូង (សម្រាប់ក្រុម Tottenham) គាត់លេងបាន៧០នាទី ដូច្នេះតាមគំនិតរបស់ខ្ញុំគាត់មិនអីទេ ហើយខ្ញុំមិនមានព័ត៌មានអំពីរបួសដែរ” ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានជ្រើសរើសក្រុមមួយដែលមានកីឡាករមានមូលដ្ឋាននៅក្រៅប្រទេសចំនួន១២នាក់រួមទាំង Son Heung-min ផងដែរ ប៉ុន្តែគ្មានកន្លែងណាសម្រាប់ខ្សែប្រយុទ្ធ Lee Kang-in របស់ក្រុម Valencia ឡើយ។
ប្រទេសកូរ៉េខាងត្បូងកំពុងព្យាយាមបន្តការបង្ហាញខ្លួននៅ World Cup ជាប់ៗគ្នាដែលធ្លាប់ឡើងរហូតដល់វគ្គផ្ដាច់ព្រ័ត្រនៅប្រទេសម៉ិកស៊ិកកាលពីឆ្នាំ១៩៨៦។ កូរ៉េខាងត្បូងត្រូវបានចាប់ឆ្នោតក្នុងវគ្គជម្រុះពូល A នៃទ្វីបអាស៊ីសម្រាប់ World Cup នៅកាតាឆ្នាំ២០២២ ដោយមានអុីរ៉ង់, អេមីរ៉ាតអារ៉ាប់រួម និងស៊ីរី។ ការប្រកួតចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញា ហើយបន្តរហូតដល់ខែមីនាដោយក្រុមកំពូលតារាងក្នុងពូលក្នុងពូលនីមួយៗទទួលបានកៅអីស្វ័យប្រវត្តិនៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមលេខ៣នឹងត្រូវប្រកួតជម្រុះជាបន្តទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)