ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារក្នុងក្របខ័ណ្ឌខេត្ត

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ​ អញ្ជើញជាអធិបតីក្នុងវិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាមនៅសាលសន្និសីទសាលាខេត្ត ។

ក្នុង​ពិធីនេះ​ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ចាន់ លំផាត់​ ,លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា និងលោក លោកស្រី​ អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអស់លោក លោកស្រី ដែលជាអនុប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនខេត្ត មន្ត្រីរាជការសាលាខេត្ត និងក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជាច្រើនរូបផងដែរ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម មានប្រសាសន៍លើកឡើងថា៖ «មកដល់ពេលនេះ ខេត្តកំពង់ចាម កំពុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកុមារអាយុ ១២ ដល់ ១៧ឆ្នាំ ពោលគឺ កំពុងដំណើរការព្រមៗគ្នា ដោយមិនមានផ្នែកណាមួយ នៅទំនេរនោះឡើយ» ។

បន្ថែមពីនេះ​លោកអភិបាលខេត្តកំពង់ចាម បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ជូនបងប្អូនអតីតយុទ្ធជន នៅសាលាខេត្តកំពង់ចាម ពិធីនោះ ក៏មានអញ្ជើញចូលរួមពីលោក​ លោកស្រី​ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធក្នុងខេត្ត និងបងប្អូនអតីតយុទ្ធជន ដែលមកទទួលវ៉ាក់សាំងបង្ការ ជាច្រើននាក់ ផងដែរ ។

លោក អ៊ុន ចាន់ដា បញ្ជាក់ដែរថា ទន្ទឹមនឹងនេះដែរ បងប្អូនជាអតីតយុទ្ធជនកម្ពុជា ក៏ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ផងដែរ លើបញ្ហាជីវភាព និងសុខភាព ធ្វើយ៉ាងណាង ឲ្យចៀសផុតពីការឆ្លង នៃជំងឺកូវីដ​-១៩ ។ លោកអភិបាលខេត្ត បានរំឭកទៅដល់ប្រជាពលរដ្ឋយើងទាំងអស់ដែរថា ថ្វីត្បិតតែ យើងបានចាក់វ៉ាក់សាំងទាំងពីរដូស រួចហើយក្តី ក៏នៅមានអត្រាឆ្លងជម្ងឺកូវីដ ១៩ តិចតួចដែរ ។ ដូច្នេះ ដើម្បី កាត់ផ្ដាច់ការឆ្លងក្នុងអត្រាទាបនេះ គឺមានតែសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី ៣ ឬជាដូសជម្រុញនេះទេ ហើយម្យ៉ាង គឺស្របពេលដែលមានវីរុសបំលែងថ្មី ប្រភេទដែលតា កំពុងត្រូវបានរកឃើញ តាមរយៈ បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសជាប់ព្រំដែនកម្ពុជាយើង ផងដែរ ។

លោកអភិបាលខេត្ត​ ក៏បានបញ្ជាក់ថា វីរុសបំលែងថ្មីនេះ វាឆ្លងរហ័ស និងបង្កគ្រោះថ្នាក់ខ្ពស់ ដល់អាយុជីវិតប្រជាពលរដ្ឋយើង ។ ដូច្នេះមានតែការចាក់វ៉ាក់សាំងដូសជម្រុញនេះទេ ព្រោះវានឹងបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយយើង ឱ្យមានភាពរឹងមាំបន្ថែមទៀត ដើម្បី ធានាបាននូវសុខមាលភាព នឹងអាចធ្វើឱ្យបងប្អូនមានជីវភាពដូចដើម ពោលគឺ ដូចកាលពីមិនទាន់មានជំងឺកូវីដ-១៩ មកដល់យ៉ាងដូច្នោះដែរ ។

សូមរំលឹកថា ផ្អែកតាមរបាយការណ៍ស្ថានភាព នៃកិច្ចដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានគូសបញ្ជាក់ថា មកដល់ពេលនេះ គឺសម្រេចចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ក្នុងដូសទី ១ បានចំនួន ៦០២.៧២៦នាក់ ដូសទី ២ បានចំនួន ៤៤៤.៨៨២នាក់ និងដូសទី៣ ឬដូសជម្រុញ បានចំនួន ១៣.៦៦២នាក់ ។ ដោយឡែក កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម ១៨ឆ្នាំ ចាក់បានចំនួន ១០០.៩៨២នាក់៕

ដោយ​៖សហការី​

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


ចែករំលែក៖