ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Marc Thayre ឯកអគ្គរាជទូតអង់គ្លេសស្តីទី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
តំណាងស្ថានទូតអង់គ្លេសបានលើកឡើង អំពីកិច្ចសហការល្អនាពេលកន្លងមក និងបានស្នើដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបន្តជួយផ្តល់កិច្ចសហការ និងការសម្រួលផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាពរបស់ពលរដ្ឋអង់គ្លេសនៅកម្ពុជា ពិសេសការជាប់គាំងក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ និងការផ្តល់ព័ត៌មានពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្ថានទូតយកទៅបន្តផ្សព្វផ្សាយជូនពលរដ្ឋរបស់ខ្លួន នៅក្រោយវិបត្តិកូវីដ-១៩ ជាដើម។
ចំពោះការលើកឡើងនេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានជម្រាបជូនតំណាងស្ថានទូតអង់គ្លេសថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ បានផ្តល់ការយកចិត្តទុកដាក់ និងការសម្រួលដល់ជនបរទេសទូទៅ ក៏ដូចជាពលរដ្ឋអង់គ្លេស ដែលកំពុងជាប់គាំងនៅក្នុងប្រទេសកម្ពុជា ដោយវិបត្តិជំងឺកូវីដ-១៩នេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពលំអិត ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ មានភាពប្រសើរឡើង។ ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរ និងជិតស្និទ្ធថែមទៀត៕
ដោយ៖សហការី