ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីសាខាក.ប.ប. ខេត្ត ចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមបណ្តាផ្ទះលក់ និងដេប៉ូចែកចាយទំនិញ ដែលស្ថិតក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ​ បានធ្វើការត្រួតពិនិត្យទំនិញ និងអាល់កុល នៅតាមបណ្តាដេប៉ូចែកចាយ ក្នុងសង្កាត់ស្វាយធំ និងតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញអាល់កុលក្លែងក្លាយ (មានសារធាតុមេតាណុល) នោះទេ។

ដោយឡែកក្នុងប្រតិបត្តិការនេះដែរ​ មន្រ្តី​ជំនាញ​ បានដកហូតទំនិញដែលមិនមានភាពអនុលោមមួយចំនួនដូចជា៖ ១. ទឹកដោះគោ Dutch Milk ចំនួន ២០ កំប៉ុង

២. ទឹកដោះគោ AD ចំនួន ២៦ ដប

៣. ទឹកក្រូច កូកាកូឡា ចំនួន ០៥ ដប

៤. ទឹកដោះគោខាប់ ចំនួន ០២ កំប៉ុង

ទំនិញដែលបានដកហូតនឹងត្រូវកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។

សូមជម្រាបថា​ មន្ត្រី ក.ប.ប. ប្រចាំខេត្តសៀមរាបបានរកឃើញទំនិញចំនួន ២៥១.៧៩គីឡូក្រាម ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់​ កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ​ ខណៈពេលកំពុងចុះត្រួតពិនិត្យបណ្តាផ្ទះលក់ទំនិញនិងឃ្លាំងស្តុកនានាក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប។

ក្រោយពីបានរកឃើញទំនិញដូចជាទឹកដោះគោ ស្រាបៀរ មីកំប៉ុង ស្ករអំពៅ ដុំស៊ុប និងភេសជ្ជៈមួយចំនួនខាងលើ មន្ត្រី ក.ប.ប. បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញទៅតាមនីតិវីធីដែលមានចែងក្នុងច្បាប់ និងដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ៕

ដោយ៖ អរុណរះ


ចែករំលែក៖