ខេត្តព្រៃវែង៖ នារសៀល ថ្ងៃពុធ ទី២៥ ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដើម្បីបង្កើននូវសុវត្ថិភាព និងបង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលស្ថិតនៅក្នុងទីតាំង សាលាបឋមសិក្សាសម្ដេចតេជោក្រុងព្រៃវែង និង វិទ្យាល័យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អភិបាលក្រុង លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។
ជាថ្មីម្តងទៀត លោកអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំង ជូនប្អូនៗកុមារ យុវវ័យ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ។
ជាទីបញ្ចប់ លោកអភិបាលខេត្ត ជូនពរលោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរដែលបានជួយសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងទាំងអស់ ប្អូនៗសសយក ព្រមទាំងសហការី សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ៖ សិលា