ព័ត៌មានទាន់ហេតុការណ៍៖

បាតុភូតធម្មជាតិរន្ទះបាញ់ងាប់គោ និងក្របី ៣ក្បាលនៅស្រុករុក្ខគីរី និងស្រុកកំរៀង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ខណ:មេឃកំពុងធ្លាក់ភ្លៀងខ្លាំងស្រាប់តែរន្ទះបានបាញ់សត្វគោ និងក្របីចំនួន ៣ក្បាលបណ្ដាលឲ្យងាប់នៅនឹងកន្លែងជាបន្តបន្ទាប់ ក្នុងស្រុករុក្ខគីរី និងស្រុកកំរៀង។

មន្ត្រីនគរបាលជំនាញបានឲ្យដឹងថាឧបទ្ទវហេតុរន្ទះបាញ់នេះបានកើតឡើងចំនួន ២កន្លែង នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ដោយករណីទី ១បានកើតឡើងនៅត្រង់ចំណុចភូមិមុខរាហ៍ ១ ក្នុងឃុំមុខរាហ៍ ស្រុករុក្ខគីរី បណ្តាលឲ្យសត្វគោ និងសត្វក្របី ងាប់ចំនួន ២ក្បាល។ ចំណែកឯករណីទី ២បានកើតឡើងនៅត្រង់ចំណុចភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងបណ្តាលឲ្យងាប់សត្វគោ ១ក្បាល។

 ជនរងគ្រោះម្ចាស់សត្វពាហន:លោកតា ម៉ូត កែវកុត អាយុ ៧០ឆ្នាំ រស់នៅក្នុងមូលដ្ឋានស្រុកកំរៀងបានបញ្ជាក់ប្រាប់ដែរថា គ្រោះធម្មជាតិរន្ទះបាញ់លើគោរបស់គាត់បានកើតឡើងនៅអំឡុងរសៀល គ្រាដែលសត្វគោរបស់លោកលែងចោលឲ្យស៊ីស្មៅនៅទីវាលស្រែក្បែរភូមិ។

មន្រ្តីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានឲ្យដឹងថា តាមរយ:ការប្រែប្រួលបណ្តាលមកពីធម្មជាតិនេះបានផ្លាស់ប្តូរយ៉ាងលឿន ម្តងអាកាសធាតុក្តៅម្តងផ្ទៃមេឃស្រទុំអាប់អួរលឹម រន្ទះបាញ់ ម្តងមានខ្យល់កន្ត្រាក់ លាយឡំជាមួយទឹកភ្លៀង។ចុងក្រោយនេះអាជ្ញាធរ រួមទាំងមន្ត្រីជំនាញធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងក៏បានក្រើនរំលឹកជារឿយៗផងដែរដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ពិសេសតំបន់ដាច់ស្រយាលឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីបាតុភូតធម្មជាតិផ្សេងៗ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖