ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់​ឡំប្រឺតា​ចំនួន​ ៩នាក់​ ​ល្មើសបម្រាម​វិធានការប្រមូល​ផ្ដុំគ្នា​ផឹកស៊ី​តាមផ្លូវ​សាធារណៈ​ ត្រូវ​អាជ្ញាធរ​ខណ្ឌដូនពេញ​ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ​ ចុះចាប់និងឃាត់ខ្លួនក្រុម​អ្នករត់​ឡំប្រឺតា​ចំនួន​ ៩នាក់​ដែល​ប្រមូល​ផ្ដុំគ្នា​ផឹកស៊ី​ល្មើស​នឹងវិធានការក្រសួងសុខាភិបាល​ត្រូវបាន​​ យក​ទៅ​​អនុវត្ត​តាមច្បាប់​កូ​វីដ​-១៩។ 

បេី​តាមការបញ្ជាក់ពី​លោក សុខ ពេញ​វុ​ធ​ ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ នៅ​ល្ងាច​ថ្ងៃទី២៥ ​ខែសីហា​ ឆ្នាំ២០២១ថា​ បន្ទាប់ពី​ទទួល​បាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្រុមអ្នករត់ឡំប្រឺតានាំគ្នា​ប្រមូល​ផ្ដុំ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ជាពិសេស​មិន​អនុវត្ត​វិធានការ​​របស់​ក្រសួងសុខាភិបាល​។ ភ្លាមនោះ​ លោក​​ក៏បាន​ចាត់​កម្លាំងប្រជាការពារខណ្ឌ​​ សហការជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ ចុះ​ទៅ​ឃាត់ខ្លួន​ជាក់ស្ដែង​បាន​មនុស្ស​ចំនួន៩នាក់​ ​រួម​ទាំង​ឡំប្រឺតា​ចំនួន​ ៩គ្រឿង​ យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ ដើម្បី​អនុវត្ត​នីតិវិធី​នៃ​ច្បាប់​កូ​វីដ-១៩។ 

ដោយ​ឡែក​នៅថ្ងៃដដែល​នេះ​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការចរាចរណ៍​ ចាប់ពីម៉ោង០៧​ និង០០នាទី ដល់ម៉ោង២២​ និង០០នាទីយប់​ កម្លាំងជំនាញបានឃាត់ម៉ូតូ និងរថយន្តបើកបញ្រ្ចាសទិសដៅចរាចរណ៍ផងដរ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាក់ស្ដែង​ជាលទ្ធផល៖ ឃាត់បានចំនួនសរុប ០៨គ្រឿង ក្នុង​នោះ​មាន៖​ ម៉ូតូចំនួន ០៣ គ្រឿង,​ ម៉តូកង់បីចំនួន  គ្មាន គ្រឿង ,កង់ចំនួន ០៤ គ្រឿង ,រថយន្តចំនួន  ០១ គ្រឿង ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

ដោយ​៖ស​ តារា​


ចែករំលែក៖