ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះថា៖ Zoom បានបន្ថែមមុខងារដែលអាចសម្គាល់កាយវិការមួយចំនួនសម្រាប់អ្នកប្រើប្រាស់ iPad។
ប្រភពដដែល បានបន្ថែមទៀតថា ដោយសារតែជំងឺកូវីដ-១៩នៅតែបន្តរីករាលដាលនៅជុំវិញពិភពលោក ក្រុមហ៊ុនភាគច្រើនបានបន្តឱ្យបុគ្គលិកពួកគេធ្វើការងារពីចម្ងាយ។ ដូច្នេះក្រុមហ៊ុនបង្កើតកម្មវិធី video conferencing តែងតែព្យាយាមបន្ថែមមុខងារថ្មីៗដើម្បីទាក់ទាញអ្នកប្រើប្រាស់។
ជាឧទាហរណ៍ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីបន្ថែមមុខងារថ្មីៗមួយចំនួន ដែលក្នុងនោះពួកគេក៏បានបន្ថែមមុខងារដែលអាចសម្គាល់កាយវិការមានដូចជា លើកដៃ (Raise Hand) និងឱ្យមេដៃ (Thumbs Up) សម្រាប់អ្នកប្រើប្រាស់ iPad។
បន្ថែមពីនេះ នៅពេលដែលលោកអ្នកលើកដៃ កម្មវិធីនឹងបង្ហាញរូបសញ្ញា ‘លើកដៃ’ នៅក្នុងរូបភាពវីដេអូរបស់លោកអ្នក ដែលជាសញ្ញាប្រាប់ទៅអ្នកគ្រប់គ្រងកិច្ចប្រជុំថាលោកអ្នកមានសំណួរ៕
ដោយ៖សហការី