ព័ត៌មានទាន់ហេតុការណ៍៖

ទារិកាកើតនៅលើយន្តហោះយោធាអាមេរិកជម្លៀសចេញពីអាហ្វហ្គានីស្ថានគឺដាក់ឈ្មោះតាមយន្តហោះតែម្តង

ចែករំលែក៖

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឧត្តមសេនីយ៍ Tod Wolter មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅក្នុងតំបន់អឺរ៉ុបបានឱ្យដឹងថា ទារិកាដែលកើតនៅលើយន្តហោះដឹកជញ្ជូនយោធាអាមេរិកដែលមានលេខហោះហើរ Reach 828 ជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន ត្រូវបានដាក់ឈ្មោះតាមជើងហោះហើរខាងលើ ។
នេះជាករណីដ៏កម្រដែលបានកើតឡើង ប្រសិនបើយន្តហោះស៊ីវិលដឹកអ្នកដំណើរធម្មតា គឺតែងតែកើតមានករណីស្ត្រីមានផ្ទៃពោះសម្រាលកូនលើយន្តហោះពេលកំពុងហោះហើរ ហើយទារកដែលកើតនៅលើយន្តហោះនោះតែងតែទទួលបានការផ្តល់អាទិភាពធ្វើដំណើរតាមយន្តហោះអស់មួយជីវិតដោយមិនគិតថ្លៃ។ ចំពោះយន្តហោះដឹកជញ្ជូនយោធា គឺមិនដែលកើតមានឡើយ ហើយនេះជាប្រវត្តិសាស្ត្រ ទាំងនោះហើយបានជា មេទ័ពអាមេរិកសម្រេចដាក់ឈ្មោះឲ្យទារិកាមានសំណាងនោះតាមឈ្មោះយន្តហោះដឹកជញ្ជូនតែម្តង។
កាលពី៤ថ្ងៃមុន ទីបញ្ជាការយោធាអាមេរិកប្រចាំនៅអឺរ៉ុប បានប្រកាសថា មានករណីពិសេស គឺស្ត្រីមានផ្ទៃពោះជនជាតិអាហ្វហ្គានីស្ថានសម្រាលកូននៅលើយន្តហោះយោធា។ ជាក់ស្តែង ស្ត្រីជនភៀសខ្លួនបានបែកទឹកភ្លោះ ពេលយន្តហោះកំពុងហោះហើរនៅលើកម្ពស់៨.៥៣៤ម៉ែត្រ ធ្វើឲ្យសម្ពាធខ្យល់នៅលើអាកាសទាប។ ក្រោយមកអាកាសយានិកបានសម្រេចទម្លាក់កម្ពស់ហោះហើរ ដើម្បីជួយសម្រួលសម្ពាធសីតុណ្ហភាពល្អឡើងវិញ ជួយស្ត្រីសម្រាលកូនដោយជោគជ័យ។ យន្តហោះក៏បានចុះចតនៅអាកាសយានដ្ឋានយោធា Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ។ ក្រុមគ្រូពេទ្យយោធាបានជួយសម្រាលកូននៅលើយន្តហោះ ក្នុងបន្ទប់ដាក់ទំនិញដោយជោគជ័យ ។ ទាំងម្តាយនិងកូនមានសុខភាពល្អ ហើយអ្នកទាំងពីរបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរទីតាំងយោធា ។ ទារិកានោះត្រូវបានដាក់ឈ្មោះថា Reach គឺដាក់តាមឈ្មោះយន្តហោះ Reach 828៕

ដោយ៖ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖