ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ បានបើកកិច្ចប្រជុំលើកទី៥ របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អភិបាល និង អភិបាលរងរាជធានី-ខេត្ត ដែលជាសមាជិក សមាជិការនៃគណ:កម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនៈភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១៩។
ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ លោកបណ្ឌិត អ៉ិត សំហេង បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាននាពេលកន្លងមក និងបានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយនេះដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត អ៉ិត សំហេង ក៏បានបញ្ជាក់បន្ថែមថា នៅក្នុងការអនុវត្តគោលនយោបាយជាតិនេះ ក្រសួង ស្ថាប័នជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវចូលរួមអនុវត្ត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: គ្រាន់តែមានតួនាទីជាលេខាធិការដ្ឋានសម្រាប់សម្របសម្រួល ការអនុវត្តនេះតែប៉ុណ្ណោះ។ នេះមានន័យថា ការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីជម្រុញឲ្យការអនុវត្តគោលនយោបាយនេះកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ។ ហើយការចូលរួមរបស់លោក លោកស្រី នាថ្ងៃនេះគឺជាការសរបញ្ជាក់ពីការយកចិត្ត ទុកដាក់ និងការចូលរួមយ៉ាងសកម្មនេះ។ ជាពិសេស របាយការណ៍ឆ្នាំ២០១៩ និងផែនការសកម្មភាពឆ្នាំ២០២០-២០២១ សម្រាប់ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដែលយើងទើបសម្រេចបាននេះគឺជាសមិទ្ធផលដ៏មានសារ:សំខាន់ មួយទៀតពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយនេះ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងជិតស្និត ក្នុងការផ្តល់ជំនួយថវិការ ព្រមទាំងបច្ចេកទេសមកលេខាធិការដ្ឋាន គ.អ.ម.ក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្របសម្រួលការអនុវត្តគោលនយោបាយនេះ។ ជាការពិត អង្គការអន្តរជាតិខាងការងារ (ILO) គឺជាដៃគូរយ៉ាងសំខាន់ដែលមិន អាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា៕
ដោយ៖សហការី