ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់ធ្វេីសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់បានហេីយតែរត់មិនរួចត្រូវពលរដ្ឋក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះកង់មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់ដែលកំពុងអង្គុយចុចលេងនៅក្នុងផ្ទះអ៊ុតសក់មួយកន្លែងបានសម្រេចហើយក៏ប្រឹងជិះកង់រត់គេចខ្លួន តែត្រូវបានជនរងគ្រោះស្រែកថាចោរៗធ្វើឱ្យផ្អើលដល់អ្នកក្បែរខាងនាំគ្នាជួយដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះអ៊ុតសក់មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមជាមួយស្ត្រីម្នាក់ទៀតនិងស្ត្រីជាម្ចាស់ផ្ទះម្នាក់ផងដែរ កំពុងអង្គុយចុចទូរស័ព្ទដៃលេងនៅក្នុងផ្ទះដោយមិនបានបិទទ្វារផ្ទះជិតនោះទេគឺចំហមួយចំហៀង។ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះកង់មកឈប់អែបចំហៀងផ្ទះ រួចចុះដើរចូលទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់ដែលកំពុងចុចលេងនោះបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែភ្លាមៗនោះជនរងគ្រោះបានស្រែកថាចោរៗផ្អើលដល់អ្នកនៅក្បែរនាំគ្នាជួយដេញចាប់រហូតដល់ចម្ងាយជិត៣០០ម៉ែត្រទើបចាប់បាន រួចទំនាក់ទំនងទៅសមត្ថកិច្ចចុះមកយកភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ចនិងប្រជាពលរដ្ឋជនសង្ស័យបានសារភាពថា  ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃគេប្រាកដមែន ដោយរូបគេក្រពេក ហើយប្រថុយមួយចានក្រែងបានលាភសំណាង តែសំណាងអាក្រក់ត្រូវជាប់ខ្នោះសមត្ថកិច្ចតែម្ដង។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកាកាបទី១ ចំណែកជនសង្ស័យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖