ភ្នំពេញ៖ ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដឹកនាំដោយ លោក អ៊ុច សម្បត្តិ ប្រធានក្រុម នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង២០គ្រួសារ ជនពិការ៥គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ សរុបចំនួន៤៥គ្រួសារ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នាឱកាសនោះ ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ លោកប្រធានក្រុម បានលេីកឡេីងពីសកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការយកចិត្តទុកដាក់គិតគូរជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់គ្រួសារទាំងអស់ សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
ដោយឡែកក្នុងអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១០កញ្ចប់ ,ទឹកសុីអុីវ២ដប ,ទឹកត្រី២ដប ,ត្រីខ២កំប៉ុង ,ម៉ាស១កញ្ចប់ ,ជែល១ដប និងថវិកាចំនួន២មុឺនរៀល៕
ដោយ៖សហការី