ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី ២៧ ខែសីហា ឆ្នាំ២០២១នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជេីញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា ប្រគេនសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះចៅអធិការវត្តមង្គលវ័ន (ហៅវត្តស្វាយដង្គុំ) និងព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តមង្គលវ័ន ដែលស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលចូលព្រះវស្សា និងក្នុងស្ថានភាពដ៏លំបាកដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន ៨ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងនោះមានវត្តឧណ្ណាលោម, វត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ), វត្តបទុវតីរាជវរារាម (មហានិកាយ), វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក), វត្តលង្កាព្រះកុសុមារាម, វត្តមណិរតនារាម (ហៅវត្តទួលទំពូង), វត្តប្រជុំនទី (ហៅវត្តក្រពើហា) និងវត្តស្វាយជ្រុំ។
ទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន ៖ អង្ករ ២តោន, មី ៣០កេស, ត្រីខ ៣កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, កាហ្វេកញ្ចប់ ១០កញ្ចប់ធំ, អូវ៉ាន់ទីន ២កេស, ទឹកក្រូច ៥កេស, ទឹកផ្លែឈើ ៥កេស, ទឹកបរិសុទ្ធ ១០កេស និងបច្ច័យចំនួន ១០.០០០.០០០ រៀល (ដប់លានរៀល)។ ប្រគេនថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះចៅអធិការវត្ត ១អង្គៗ នូវ សាដក ១ និងបច្ច័យ ១លានរៀល។ ប្រគេនព្រះសង្ឃ ៦អង្គ នៅតាមវត្តនីមួយៗ ក្នុង ១អង្គៗ ទទួលបាន សាដក ១ និងបច្ច័យ ២០ម៉ឺនរៀល។
ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានសទ្ធាជ្រះថ្លាប្រគេនថ្វាយនូវទេយ្យវត្ថុផ្ទាល់ខ្លួនចំពោះ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងសម្តេចព្រះសង្ឃនាយក ក្នុង ១អង្គ ទឹកច្រតៀកកាំ ១កន្ត្រក, ភេសជ្ជៈ Ensure ១កន្ត្រក, ផ្លែក្រូចខ្វិច ១កន្ត្រក, ទឹកប៉ោម ២កេស, ត្រីងៀត ១កន្ត្រក និងបច្ច័យមួយចំនួនផងដែរ៕
ដោយ ៖ សិលា