ភ្នំពេញ៖ ប្រជាពលរដ្ឋដើរជីកទំពាំងបានប្រទះឃេីញសពមនុស្សប្រុសស្រីចំនួន២នាក់ក្លាយជាគ្រោងឆ្អឹងបាត់ទៅហេីយដោយសារតែជនមិនស្គាល់មុខសម្លាប់រួចយកមកកប់ចោលក្នុងដីវាលមួយកន្លែងក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលការប្រទះឃើញនេះគឺកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
ជនរងគ្រោះទាំង២នាក់នោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេព្រោះនៅសល់តែគ្រោងឆ្អឹង។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានបុរសម្នាក់បានដេីររកជីកទំពាំងឫស្សី ខណៈមកដល់ចំណុចកេីតហេតុក៏ប្រទះឃេីញលលាដ៍ក្បាលមនុស្សម្នាក់ បន្ទាប់មកក៏រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាននេះអាជ្ញាធរក៏បានចុះទៅធ្វេីការហ៊ុមព័ទ្ធទីតាំងខាងលេី ។
ប្រភពដដែលបានបន្តថា លុះព្រឹកថ្ងៃទី២៨ ខែឆ្នាំដដែលសមត្ថកិច្ចបានចុះទៅធ្វេីការជីកយកសពដេីម្បីពិនិត្យក៏ស្រាប់តែរកឃេីញសពចំនួន២នាក់ប្រុសម្នាក់ស្រីម្នាក់ ដោយស្ថានភាពសពក្លាយជាគ្រោងឆ្អឹងទៅហេីយ។ ក្រោយពិនិត្យរួច ក្រុមគ្រូពេទ្យជំនាញបានសន្និដ្ឋានថា សពត្រូវគេសម្លាប់រយៈពេលប្រហែល៣ខែមកហេីយ។
នៅលេីដងខ្លួនសពមនុស្សស្រីគេឃេីញមានស្នាមវាយនឹងដំបងចំថ្គាមខាងស្តាំចំណែកសពមនុស្សប្រុសមានស្នាមវាយថ្គាមស្តាំដូចគ្នានិងមានស្នាមគ្រាប់កាំភ្លេីងចំកណ្តាលថ្ងាសមួយគ្រាប់ទៀត។
សមត្ថកិច្ចបានអំពាវនាវបេីបងប្អូនណាបាត់សមាជិកគ្រួសារអាចមកពិនិត្យបានព្រោះសពត្រូវបានតម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕
ដោយ៖សុខាសែនជ័យ