ភ្នំពេញ ៖ បើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ស្ថាបនិកសារព័ត៌មានក្នុងស្រុកមួយ នៅព្រលប់ថ្ងៃនេះគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចំនួន៣០០នាក់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់ប្រទេសទី៣។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ការយល់ព្រមទទួលយកជនភៀសខ្លួនក្នុងគោលការណ៍មនុស្សធម៌ ដើម្បីស្នាក់នៅកម្ពុជាបណ្តោះអាសន្ននេះ ធ្វើឡើងតាមការស្នើសុំរបស់អង្គការ The Asia Foundation ប្រចាំកម្ពុជា មកកាន់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា, អង្គការ The Asia Foundation បានស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ថា «ដោយផ្អែកលើគោលការណ៍មនុស្សធម៌ មេត្តាពិនិត្យនូវលទ្ធភាពផ្តល់ទិដ្ឋាការ ចូលព្រះរាជាណាចក្រកម្ពុជាដល់បុគ្គលិកអង្គការ The Asia Foundation ប្រចាំប្រទេសអាហ្វហ្គានីស្ថាន ដែលជាពលរដ្ឋអាហ្វហ្គានីស្ថាន និងក្រុមគ្រួសារ សម្រាប់រយៈពេលជាបណ្តោះអាសន្នក្នុងអំឡុងពេល ដែលពាក្យស្នើសុំជាជនភៀសខ្លួនកំពុងតែដំណើរការ»។
សូមជម្រាបជូនថា, ពាក់ព័ន្ធនឹងសំណើខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច៖
១៖ ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានក្នុងចំនួនមិនលើសពី៣០០នាក់
២៖ ផ្តល់ទិដ្ឋាការ នៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើ និងអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន សម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង
៣៖ លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជា ដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា (ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ជាដើម) ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅពេលពួកគេចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ក្រសួងការបរទសកម្ពុជា បាននឹងកំពុងពិភាក្សាបន្ថែមជាមួយអង្គការ The Asia Foundation ជាបន្តទៀត។
ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន ពិតជាបានស្វះស្វែងរកបាននូវសន្តិភាព ដ៏រុងរឿង ពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ នេះ គឺប្រជាពលរដ្ឋបានចាក់ដល់ទី៩លាននាក់។
សម្តេចបានមានប្រសាសន៍ថា, សូមអបអរសាទរលោកយាយព្រំ កួយអាយុ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀងឃុំមៀនស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ !
សម្ដេចតេជោបានមានប្រសាសន៍បន្តថា, មកទល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន៦៩.៤៧ភាគរយនៃចំនួន១.៩៦៦.៩៣១នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ឬដូសជំរុញនោះទេ។ប្រសិននិយាយពីតួលេខសរុបយើងចាក់បានលើស១០លាននាក់ដែលប្រមាណ៦៥ភាគរយនៃប្រជាជនសរុប១៦លាននាក់៕
ដោយ ៖ សិលា