ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី ៣នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ត្រូវកម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពីបទរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅវេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះរិន សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ 

ជននេះឃាត់ខ្លួននៅចំណុចភូមិអន្លង់ត្នោត ឃុំលង្វែកស្រុកកំពង់ត្រឡាច ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់និងទូរស័ព្ទ១គ្រឿង ។

ក្រោយពីសាកសួរជនសង្ស័យ នៅវេលាម៉ោង៨និង ៣០នាទី ថ្ងៃទី២៨ សីហា សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឈុន សុភ័ក្រ្ត ហៅហើម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររស់នៅភូមិត្រពាំងព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១៤កញ្ចប់និងទូរស័ព្ទ១គ្រឿង ។

នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៨ សីហា សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះសុង សុខនី ភេទស្រី អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់ខោ អាវ រស់នៅភូមិ២២សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកណ្តាល ជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់ធំ ទូរស័ព្ទ១គ្រឿង និង ម៉ូតូ១គ្រឿង។

លោកហ៊ុល វាសនា បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកចម្លើយ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ចន្ថា


ចែករំលែក៖