ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរ ចុះអនុវត្តវិធានការក្តៅខណ:មេរោគបំប្លែងថ្មី កំពុងតែកើនឡើង

ចែករំលែក៖

   ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២១ អភិបាលក្រុង រួមមន្ទីរសុខាភិបាល កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលក្រុង បានចុះអនុវត្តវិធានការក្តៅលើអ្នកល្មើសបំរាម នៃការបិទខ្ទប់ក្នុងស្ថានភាពដែលរដ្ឋបាលខេត្ត បានដាក់ចេញយ៉ាងម៉ឺងម៉ាត់ដើម្បីធានានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងនោះផងដែរលោក សាយ កុសល អភិបាលក្រុងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនៃការអនុវត្តវិធានការបិទខ្ទប់នេះលោកថា រដ្ឋបាលបានអនវុត្តវិធានការ ទី១.សំដៅលើការពាក់ម៉ាស់ ទី២.សំដៅលើការបិទខ្ទប់។ តែការអនុវត្តនេះគឺមិនតឹងតែងលើប្រជាពលរដ្ឋឡើយ ប្រសិនបើបុគ្គលណាមានបេសកម្មផ្ទាល់ខ្លួន លើភារកិច្ចការងារឬភាពចាំបាច់ប្រការណានោះមួយដែលមន្ត្រីសុខាភិបាលលោក គិតថាអនុគ្រោះគឺអោយគាត់បន្តដំណើរបានតែត្រូវ អនុវត្តគោលការរបស់ក្រសួងសុខាភិបាល៣ កុំ ៣ការពារ។

មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាការអនុវត្តគឺដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋកុំអោយភ្លេចខ្លួនក្នុងស្ថានភាពដែលជំងឺមេរោគកូវីដ១៩ ជ្រៀតចូលក្នុងសហគមន៍បន្តទៀត ជាពិសេសមេរោគបំលែងថ្មី កំពុងផ្ទុះខ្លាំងគួរព្រួយបារម្ភ។

លោកបន្តថាការអនុវត្តនេះកងកម្លាំងលោកបានឃាត់អ្នកធ្វើដំណើរចេញក្រៅដោយល្មើសបំរាមនៃការបិទខ្ទប់ ប្រសិនពលរដ្ឋនោះបើមិនពាក់ម៉ាស់ត្រូវពិន័យ ២០ម៉ឺនរៀល និងល្មើសបំរាមគោលចរអាចពិន័យពី១លានរៀល ទៅដល់៥លានរៀល ទៅតាមបទល្មើសជាក់ស្តែង។

លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថាដោយយោងតាមការឯកភាព ពីអភិបាលខេត្តគឺអនុគ្រោះមិនផាកពិន័យបងប្អូនប្រជាពលរដ្ឋទេ គឺត្រូវអប់រំអោយធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះ តែបើអនុវត្តផាកពិន័យគឺត្រូវផាកពី១លានរៀល ទៅ២លានរៀលតាមច្បាប់វិធានការបិទខ្ទប់របស់រដ្ឋបាលខេត្ត។

គួរបញ្ជាក់ថាការរីករាលដាលនៃមេរោគបំលែងថ្មីប្រភេទដែលតា បានផ្ទុះឡើងខ្លាំងរហូតមានអ្នកជំងឺផ្ទុកសរុបរហូតកើនដល់ចំនួន៩៥នាក់ ស្រី៥២នាក់ បើគិតត្រឹមល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២នាក់ផងដែរ។

គិតក្នុងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ សរុប១៥នាក់ កូវីដបំលែងថ្មីប្រភេទDelrta គ្មាន អ្នកស្លាប់ចំនួនម្នាក់៕

ដោយ៖ មាស សុផាត


ចែករំលែក៖