ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកពីរផ្សេងគ្នានៅបង់ក្លាដែស និងសេនេហ្គាល់ ស្លាប់និងបាត់ខ្លួន៧០នាក់នៅបង់ក្លាដែស

ចែករំលែក៖

ទូកដឹកអ្នកដំណើរពេញព្រៀបបានក្រឡាប់លិចក្រោយពីប៉ះទង្គិចគ្នាជាមួយកប៉ាល់ដឹកខ្សាច់នៅលើដងទន្លេ ក្នុងស្រុក Bijoynagar ភាគខាងកើតប្រទេសបង់ក្លាដែស ។ ជាមួយគ្នានោះក៏មានទូកដឹកមនុស្ស ៦០នាក់បានក្រឡាប់លិចនៅតំបន់សមុទ្រភាគខាងជើង Senegal បណ្តាលឲ្យមនុស្ស ៤៨នាក់បាត់ខ្លួន។
យ៉ាងហោចណាស់ក៏មានមនុស្ស ២២នាក់ស្លាប់ និងរាប់សិបនាក់ទៀតបាត់ខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់ទូកដឹកមនុស្សបុកជាមួយ នាវាដឹកខ្សាច់ នៅលើដងទន្លេក្នុងតំបន់ Bijoynagar មានចម្ងាយឆ្ងាយពីរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែសនៅភាគខាងកើត។ ការប៉ះទង្គិចគ្នានោះបណ្តាលឲ្យទូកដឹកមនុស្សក្រឡាប់តែម្តង។
នៅពេលនេះគេមិនទាន់ដឹងថា ក្នុងពេលគ្រោះថ្នាក់នៅលើទូកមានមនុស្សប៉ុន្មាននាក់នៅឡើយទេ។តាមការលើកឡើងរបស់លោក Imranul Islam មន្ត្រីក្នុងតំបន់បានឱ្យដឹងថា អ្នកដែលរួចផុតពីក្តីស្លាប់បានឱ្យដឹងថា នៅលើទូកមានមនុស្សប្រមាណ១០០នាក់។ មានមនុស្ស៧នាក់បានសង្គ្រោះទាន់ពេលវេលា ។
អ្នកស្រី Akhi Akter ជនរងគ្រោះដែលរួចផុតពីក្តីស្លាប់បានឱ្យដឹងថា អ្នកស្រីធ្វើដំណើរជាមួយកូនប្រុស និងសាច់ញាតិ២នាក់ទៀត ក្នុងពេលទូកជួបគ្រោះថ្នាក់ខ្ញុំព្យាយាមហែលចូលដល់ច្រាំង ចំណែកសាច់ញាតិរបស់ខ្ញុំនៅបាត់ខ្លួននៅឡើយទេ ។
សារព័ត៌មាន Daily Star របស់ប្រទេសបង់ក្លាដែសបានផ្សាយថា មកទល់់ពេលនេះបានរកឃើញសាកសព២២នាក់ ក្នុងនោះមានកុមារ៩នាក់ ស្ត្រី១១នាក់ និង បុរស២នាក់។
ចំណែកនៅក្នុងប្រទេសសេនេហ្គាល់ មានករណីលិចទូកបណ្តាលឲ្យមនុស្ស៤៨នាក់បាត់ខ្លួន ក្នុងពេលទូកដឹកមនុស្ស ប្រមាណ៦០នាក់លិចនៅតំបន់សមុទ្រប្រទេសសេនេហ្គាល់(Senegal)។ កម្លាំងទាហានជើងទឹកប្រទេសនេះបានជួយសង្គ្រោះមនុស្ស ១១នាក់ ក្នុងនោះមានជនជាតិសេនេហ្គាល់៨នាក់ និងជនជាតិGamba ៣នាក់៕

ដោយ៖ធីរីណា(រូបថត៖Masuk Hridoy)


ចែករំលែក៖