ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានករណីផ្ទុះជម្ងឺកូវីដ-១៩ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១ អាជ្ញាធរក្រុងសិរីសោភ័ណនិងគ្រូពេទ្យបានប្រមូលប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងដោយប្រយោលចំនួន២៣៥នាក់ ក្នុងនោះស្រីចំនួន ១២៧នាក់ ដើម្បីពិនិត្យយកសំណាករកមេរោគកូវីដ-១៩ ដោយធ្វើតេស្តរហ័ស( RAPID TEST ) ។
លោក អភិបាលក្រុងសិរីសោភ័ណលោក ហុឹល រ៉ាយ៉ា បានឲ្យដឹងថា៖ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ នៅភូមិសែសិន(ម្តុំជិតក្បាលស្ពានសែសិន) សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីឆ្លងជម្ងឺកូវីដ-១៩ អាជ្ញាធរក្រុង សមត្ថកិច្ចនិងគ្រូពេទ្យបង្អែក ក្រុងសិរីសោភ័ណ បានប្រមូលប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ មកធ្វើតេស្តរហ័ស( RAPID TEST ) ដើម្បីរកមេរោគ កូវីដ-១៩ សរុបចំនួន២៣៥នាក់ ក្នុងនោះស្រីចំនួន១២៧នាក់ ។ជាលទ្ធផល គឺរកឃើញអ្នកវិជ្ជមានចំនួន៤៨នាក់ ក្នុងនោះស្រីចំនួន២៦នាក់ ។
លោកបញ្ជាក់ថា៖ចំពោះបងប្អូនដែលពិនិត្យរកមេរោគកូវីដ-១៩លើកទី០១ អវិជ្ជមាន តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ បិទខ្ទប់មិនឲ្យចេញពីផ្ទះនោះឡើយ ។ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃនឹងត្រូវពិនិត្យយកសំណាកជាលើកទី២ប្រសិនបើអវិជ្ជមានទើបអនុញ្ញាតឲ្យចេញក្រៅផ្ទះ ។
ជាមួយគ្នានោះដែរ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានអំពាវនាវដល់បងប្អូនដែលកំពុងបិទខ្ទប់ត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារនិង៣កុំឲ្យបានជាប្រចាំ ។
សួមរំលឹកថាៈពេលដែលអាជ្ញាធរ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យ កំពុងចុះពិនិត្យយកសំណាកប្រជាពលរដ្ឋ នៅភូមិសែសិននោះដែរ មានក្មេងទំនើងចំនួន០២នាក់ បានបង្កការអុកឡុកនៅកន្លែងពិនិត្យនិងរកសំណាកតែត្រូវនគរបាលក្រុងសិរីសោភ័ណ បានធ្វើការចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណផងដែរ ៕
ដោយ ៖ វណ្ណា