ក្រោយពីអាមេរិកបើកការវាយប្រហារទៅលើទីតាំងក្រុមភេរវកម្មរដ្ឋអ៊ិស្លាមដែលជាអ្នកនៅពីក្រោយការវាយប្រហារគ្រាប់បែកអត្តឃាតនៅទីក្រុងកាប៊ុល ក្រុមតាលីបង់បានថ្កោលទោសការវាយប្រហារក្នុងទឹកដីអាហ្វហ្គានីស្ថានដែលក្រុមរបស់ខ្លួនបានគ្រប់គ្រង។
នៅថ្ងៃទី២៩ខែសីហា ក្រុមលីបង់បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារពីយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន។ ការវាយប្រហារនោះបានសម្លាប់សមាជិកក្រុមភេរវកម្ម IS ។ ការវាយប្រហាររបស់អាមេរិកគឺជាការសងសឹកទៅលើក្រុម IS ដែលវាយប្រហារអត្តឃាតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលសម្លាប់មនុស្សជាច្រើន ក្នុងនោះមានទាហានអាមេរិក១៣នាក់។
ក្នុងពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសន្យាថា នឹងមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀតទៅលើក្រុម ISIS នៅអាហ្វហ្គានីស្ថាន។ នៅថ្ងៃទី២៨ខែសីហា(ពេលវេលានៅអាមេរិក) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើការសន្យាថា នឹងមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀតប្រឆាំងនឹងក្រុមភេវករ ISIS នៅអាហ្វហ្គានីស្ថាន ឬ ISIS-K ដើម្បីសងសឹកចំពោះការបំផ្ទុះគ្រាប់បែកធ្វើឱ្យស្លាប់មនុស្សជាច្រើននាក់ នៅក្បែរព្រលានយន្តហោះកាប៊ុល។
ជាការសងសឹក អាមេរិកទើបតែបានបើកការវាយប្រហារដោយប្រើយន្តហោះដ្រូន លើក្រុម ISIS នៅខេត្ត ណាងហ្គាហា (Nangahar) របស់អាហ្វហ្គានីស្ថាន។ ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា ការវាយប្រហារនោះបានផ្តាច់ជីវិតមនុស្សសំខាន់២នាក់របស់ ISIS។ ឥឡូវនេះ លោក បៃឌិន បានសន្យាថា វាមិនមែនជាលើកចុងក្រោយឡើយ ដោយអាមេរិកនឹងបន្តតាមប្រមាញ់ជនដែលពាក់ព័ន្ធទាំងអស់ក្នុងការបំផ្ទុះគ្រាប់បែក។
គួរបញ្ជាក់ថា ពាក់ព័ន្ធប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសខាងលើនេះ ក្រុមតាលីបង់ បានចេញមុខរិះគន់សហរដ្ឋអាមេរិក ដោយនិយាយថា វាគឺជាការវាយប្រហារលើទឹកដីអាហ្វហ្គានីស្ថាន ហើយមិនបានជូនដំណឹងដល់ខ្លួនជាមុន។ ក្រុមតាលីបង់ ក៏បានអះអាងពីការចាប់ខ្លួនជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះកាប៊ុលផងដែរ។ ការបំផ្ទុះគ្រាប់បែកនោះ បានសម្លាប់មនុស្សសរុប១៨២នាក់ រួមមានជនជាតិអាហ្វហ្គានីស្ថាន១៦៩នាក់ និងយោធាអាមេរិក១៣នាក់៕
ដោយ៖ ធីរីណា(រូបថត៖NYTIMES.)