ក្រុងប៉ោយប៉ែត ៖ ទាហានថៃស្រុកតាព្រះយ៉ាក្នុងថ្ងៃតែមួយ២គោលដៅផ្សេងគ្នាបានចាប់ពលករខ្មែរ១៤នាក់ លួចឆ្លងដែនចូលប្រទេសថៃ ដោយចំណាយលុយក្នុងម្នាក់៦,០០០បាត នឹងចាប់ជនជាតិថៃប្រុស-ស្រី៦នាក់ បម្រុងលួចឆ្លងដែនចូលទឹកដីកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង០៩និង១០នាទី ថ្ងៃទី២៩សីហា២០២១នេះ នៅបរិវេណភូមិលូកឆាង ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។ក្រោយពីចាប់បានសមត្ថកិច្ចសួរចម្លើយ ពលករខ្មែរទាំងអស់បានប្រាប់ថា ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា នឹងប្រមូលផ្ដុំគ្នា នៅភូមិមួយក្នុងឃុំគោករមៀត ស្រុកថ្មពួក ដោយមានមេខ្យល់ជនជាតិខ្មែរ នាំដើរកាត់តាមច្រករបៀង នឹងដើរកាត់ទៅតាមផ្លូវដីកសិកម្ម ដើម្បីមកឡើងរថយន្តនៅបរិវេណថ្នល់ភូមិណាងង៉ាម ឃុំតាព្រះយ៉ា តែត្រូវសមត្ថកិច្ចថៃចាប់ខ្លួនមុន ដោយអ្នកទាំងអស់មានបំណងទៅធ្វើការនៅក្នុងប្រទេសថៃ នឹងបានចំណាយលុយក្នុងការធ្វើដំណើរអស់ក្នុងម្នាក់៦,០០០បាត។ក្រោយមក សមត្ថកិច្ចបាននាំខ្លួនពលករទាំងអស់ទៅសួរចម្លើយ នឹងធ្វើកំណត់ហេតុចាប់ខ្លួន អនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល បន្ទាប់មកបានបញ្ជូនឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យបន្ត។
នៅថ្ងៃដដែលនោះដែរ កាលពីវេលាម៉ោង១៤និង១៥នាទី កម្លាំងទាហានប្រចាំស្រុកតាព្រះយ៉ា សហការជាមួយកងកម្លាំងបូរផា បានប្រទះឃើញរថយន្តសង្ស័យ១គ្រឿង បើកចូលមកក្នុងភូមិសាស្រ្តទទួលខុសត្រូវ ទើបសមត្ថកិច្ចឃាត់ឲ្យឈប់ នឹងចូលទៅត្រួតពិនិត្យរថយន្តម៉ាកអុីហ៊្សុយហ៊្សុយ ពាក់ស្លាកលេខก-1195 ស្រះកែវ។សូមបញ្ជាក់ថា នៅពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្ត ឃើញមានជនជាតិថៃចំនួន៦នាក់ ក្នុងនោះប្រុស២ នឹងស្រី៤នាក់ ដោយពួកគេបានសារភាពថា កំពុងលួចឆ្លងដែនទៅប្រទេសកម្ពុជា ។ ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពួកគេបានសារភាពថា ទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ហើយការធ្វើដំណើរលើកនេះ ខាងក្រុមហ៊ុនកាស៊ីណូអនឡាញ ជាអ្នកចំណាយទាំងអស់ ដោយឡែកអ្នកនាំបានទទួលថ្លៃឈ្នួលក្នុងម្នាក់៥០០បាត សរុប៣.០០០បាត ក្នុងការនាំជនជាតិថៃខាងលើទៅឯព្រំដែន បរិវេណថ្នល់ស្រីពេញ តែមកត្រូវសមត្ថកិច្ចចាប់ខ្លួនមុន ទើបសមត្ថកិច្ចថៃបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការបន្ត៕
ដោយ ៖ វណ្ណា