អត្តពលិករបស់ប្រទេសអាហ្វហ្គានីស្ថានបានមកដល់ទីក្រុងតូក្យូកាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ សីហា ហើយត្រូវបានកំណត់ឱ្យចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅសប្តាហ៍ក្រោយនៅពេលដែលការប្រកួតថ្ងៃទី៥ នៃការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យជាមួយនឹងការបញ្ចប់ការប្រកួតដ៏គួរឱ្យរំភើបចំពោះកីឡាទ្រីយ៉ាត្លុងផ្នែកស្ត្រី។
តារាវាយកូនបាល់ជនជាតិអុីតាលីឈ្មោះ Beatrice “Bebe” Vio ទទួលបានមេដាយទី២នៅក្នុងព្រឹត្តិការណ៍កីឡានេះក្នុងការប្រកួតជាក្រុមបន្ទាប់ពីឈ្នះមេដាយមាសឯកត្តជនរបស់នាងកាលពីថ្ងៃសៅរ៍។
គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិបាននិយាយថា កីឡាការិនី ZakiaKhudadadi និង Hossain Rasouli របស់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានជម្លៀសចេញកាលពីចុងសប្តាហ៍មុនទៅកាន់ប្រទេសបារាំងពីប្រទេសដែលគ្រប់គ្រងដោយតាលីបង់នៅក្នុងប្រតិបត្តិការសកលដ៏ធំមួយ។
ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិលោក Andrew Parsons បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Zakia Khudadadi និងHossain Rasouli បានបន្តបង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការមកចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០។ លោកបន្ថែមថាឥឡូវនេះពួកគេកំពុងស្ថិតនៅទីក្រុងតូក្យូដើម្បីបំពេញក្តីសុបិន្តរបស់ពួកគេដោយផ្ញើសារនៃក្តីសង្ឃឹមដ៏ខ្លាំងក្លាទៅកាន់មនុស្សជាច្រើននៅជុំវិញពិភពលោក។
Zakia Khudadadi នឹងត្រូវប្រកួតក្នុងប្រភេទកីឡាតេក្វាន់ដូនារី ៤៤-៤៩ គីឡូក្រាមនៅថ្ងៃទី២ ខែកញ្ញាហើយអត្តពលិក Hossain Rasouli នឹងត្រូវប្រកួតក្នុងវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្របុរស T47 នៅថ្ងៃបន្ទាប់។
នៅក្នុងការចាប់ផ្ដើមដំបូងសម្រាប់កីឡាទ្រីយ៉ាថ្លុងនៅឧទ្យានសមុទ្រអូដាប៊ីបាកាលពីថ្ងៃអាទិត្យ កីឡាការិនីអាមេរិក Kendall Gretsch បានផ្តួលកីឡាការិនី Lauren Parker របស់អូស្រ្តាលីនៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រណាំងប្រភេទ PTWC របស់ស្ត្រីដើម្បីដណ្តើមមេដាយមាស។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូកំពុងប្រព្រឹត្តទៅក្រោមច្បាប់តឹងរ៉ឹងប្រឆាំងជំងឺកូវីដ-១៩ ហើយភាគច្រើនលេងដោយបិទទ្វារ បន្ទាប់ពីមានការពន្យារពេលមួយឆ្នាំដោយសារជំងឺរាតត្បាតនេះ។ នៅប្រទេសអាហ្វហ្គានីស្ថាន ពួកតាលីបង់បានសន្យាថានឹងមានការដឹកនាំទន់ភ្លន់ជាងមុនបើប្រៀបធៀបទៅនឹងអំណាចដំបូងរបស់ពួកគេពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ប៉ុន្តែជនជាតិអាហ្វហ្គានីស្ថានជាច្រើនខ្លាច ដែលជាការកាន់អំណាចឡើងវិញយ៉ាងឃោរឃៅរបស់ពួកគេអំពីច្បាប់អ៊ិស្លាម ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP)