ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិរបស់គេ កាលពីវេលាម៉ោង៤ និង៤០នាទីជិតភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយទូរទស្សន៍ថោន ផ្លូវលេខ១៧១៧ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ នួន កុម្ភៈ ហៅញ៉ា ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។
ទី២-ឈ្មោះ ម៉េង ហ៊ាង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។
ទី៣-ឈ្មោះ ម៉ៅ សុមុន្នី ហៅឃ្នី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី ជនសង្ស័យទាំង៣នាក់ បានបបួលគ្នាជិះម៉ូតូចេញពីផ្ទះដើរមើលតាមផ្លូវរកឱកាសធ្វើសកម្មភាពលួចម៉ូតូ ដោយជនសង្ស័យឈ្មោះ នួន កុម្ភៈ ជាអ្នកប្រើដែកកែច្នៃសម្រាប់កាច់សោ.កម៉ូតូ ហើយជនសង្ស័យឈ្មោះម៉ៅ សុមុន្នី ជាអ្នកបើកម៉ូតូ ។ លុះមកដលម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃដដែលពេលបានឮសំឡេងប្រជាពលរដ្ឋស្រែកថាចោរៗកម្លាំងល្បាតខណ្ឌ-ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានប្រទះឃើញជនសង្ស័យបម្រុងធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ក៏បានចូលទៅឃាត់ដើម្បីត្រួតពិនិត្យនិងឆែកឆេរមើលក៏ដកហូតបានវត្ថុតាងដូចខាងលើ ហើយក៏បានឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍តែម្តង។
វត្ថុតាងដកហូតរួមមានដែកសំប៉ែតកែច្នៃចំនួន១, សោខ្សៀចំនួន១, ម៉ូតូចំនួន១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ 9873 ភព-1។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ជ្រោយពេជ្រ