ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានជនសង្ស័យដែលផឹកស៊ីក្បែរតុគ្នាបានប្រើហិង្សាយកកែវស្រាវាយក្បាលបណ្ដាលឱ្យបែកហូរឈាមរងរបួសធ្ងន់បន្ទាប់ពីស្រវឹងស្រាហើយមានជម្លោះពាក្យសម្តីគ្នាទប់អារម្មណ៍លែងបាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ នៅចំណុចភូមិដូនទង ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលរងរបួសមានឈ្មោះសុឹម ពន្លឺ អាយុ២៣ឆ្នាំ រស់នៅភូមិអូរស្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ ដោយត្រូវគេវ៉ៃនឹងកែវស្រាចំក្បាល១កន្លែងនិងត្រូវស្មាខាងឆ្វេង១កន្លែង។
ចំណែកជនសង្ស័យមានឈ្មោះ ឆុន ចំរើន អាយុ១៧ឆ្នាំ មានទីលំនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ បន្ទាប់ពីកើតហេតុដោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។
ប្រភពបានបន្តថា មូលហេតុដែលនាំឱ្យបង្កជាហិង្សាខាងលើនេះគឺដោយសារតែភាគីទាំងសងខាងផឹកស្រានៅក្បែរគ្នាហើយឈានដល់ទាស់ពាក្យសម្តីគ្នាទៅវិញទៅមក។ពេលនេះជនសង្ស័យសមត្ថកិច្ចកំពុងតែស្វែងរកឃាត់ខ្លួនដើម្បីចាត់ការបន្តតាមច្បាប់ រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ៕
ដោយ៖ យឹម សុថាន