ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសអំពាវនាវឲ្យចិនសហការជាមួយរុស្ស៊ីដើម្បីដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសកាលពីថ្ងៃទី២៩ខែសីហាបានអំពាវនាវឱ្យ បណ្តាប្រទេសចាំបាច់ត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី និងចិន ដើម្បីបង្កើនឥទ្ធិពលទៅលើក្រុមតាលីបង់ដែលកំពុងតែគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។
សារព័ត៌មាន Euronews បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសថា ការបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយរុស្ស៊ីនិងចិន អាចជួយដោះស្រាយបញ្ហារួម ក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម កាត់បន្ថយអំពើហិង្សា ទប់ស្កាត់វិបត្តិជនភៀសខ្លួន ក៏ដូចជារារាំងការដួលរលំនៃសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន។
រដ្ឋាភិបាលអង់គ្លេសក៏បានធ្វើការជាមួយប្រទេសសម្ពន្ធមិត្តផ្សេងទៀត នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺបារាំងនិងអាមេរិក ដើម្បីជំរុញការអនុម័ត បង្កើតតំបន់សុវត្ថិភាពដល់ពលរដ្ឋបរទេស និងជនជាតិអាហ្វហ្គានីស្ថានដែលចង់ចាកចេញពីប្រទេសក្រោយថ្ងៃទី៣១ខែសីហា ។ រដ្ឋាភិបាលបណ្តាប្រទេសលោកខាងលិច ក៏បានឡើងគម្រោងទប់ស្កាត់អាហ្វហ្គានីស្ថានក្លាយទៅជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម។
ពាក់ព័ន្ធនឹងបញ្ហាអាហ្វហ្គានីស្ថាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្រេចរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី៣០ខែសីហា ដើម្បីពិភាក្សាលើបញ្ហាមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕ដោយ៖ ធីរីណា

រូបថត៖Reuters.

 


ចែករំលែក៖