ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយ២នាក់នៅក្រុងកំពង់ឆ្នាំង មានជន្មាយុ១០៤ឆ្នាំនិង១០៦ឆ្នាំ ស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ចែករំលែក៖

   ខេត្តកំពង់ឆ្នាំង៖ លោកយាយ២នាក់ ដែលម្នាក់ៗមានជន្មាយុជាង១០០ឆ្នាំទៅហើយនោះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងដូសទី១ ជាវ៉ាក់សាំងស៊ីណូវ៉ាក់។ 

  បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា លោកយាយទាំង២នាក់ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ ទី១-ឈ្មោះ លឹម ស៊ុន អាយុ១០៤ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និង ទី២-លោកយាយ ហួរ គឹមសួរ អាយុ១០៦ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ។

  លោក យាយទាំងពីរនាក់បច្ចុប្បន្នរស់នៅជាមួយកូននិងចៅ ប៉ុន្តែលោកយាយមានសុខភាពល្អ ពិសាបាយបាន និងពុំមានជំងឺរ៉ាំរ៉ៃនោះទេ។ ដោយមើលឃើញបច្ចុប្បន្ននេះជំងឺកូវីដ-១៩បន្តរាតត្បាតឥតឈប់ឈរពីតំបន់មួយទៅតំបន់មួយនោះ លោកយាយបានសម្រេចចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយពុំមាននរណាមកបង្ខំលោកយាយឡើយ ។ ចំពោះលោកយាយ ស៊ិន សុទ្ធ អាយុ៨៧ឆ្នាំវិញ ក៏បានចូលរួមស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងនេះផងដែរ ដែលបច្ចុប្បន្នលោកយាយរស់នៅជាមួយលោកយាយ លឹម ស៊ុន ដែលមានអាយុ១០៤ឆ្នាំ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ 

  នៅក្នុងថ្ងៃដែលលោកយាយមានជន្មាយុជាង១០០ឆ្នាំនេះបានមកចាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ អភិបាលខេត្តកំពង់ឆ្នាំងលោកស៊ុនសុវណ្ណារិទ្ធិ និងលោកស្រី ប៊ន សុភី ជាអភិបាលរងខេត្ត ក៏បានអញ្ជើញសាកសួរសុខទុក្ខ និងជូនថវិកាដល់លោកយាយក្នុងម្នាក់ៗ៨០ម៉ឺនរៀលផងដែរ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖