ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុនហេង ផ្ញើសាររំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារសព អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ពិតជាក្តុកក្តួលណាស់ដែលគ្រូពេទ្យស្រីម្នាក់បានទទួលមរណភាពទាំងសោកស្តាយដោយសារឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ករណីនេះ ត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល  បានផ្ញើសារលិខិតរំលែកមរណទុក្ខ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ជូនចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។ 

នៅក្នុងសារលិខិតរំលែកមរណទុក្ខនោះលោករដ្ឋមន្រ្តីក្រសួងសុខាភិបាលានថ្លែងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាលទាំងអស់ មានក្តីក្តុកក្ដួលរន្ធត់ចិត្ត ដោយបានទទួលដំណឹងថា កញ្ញា អុឹម ស្រីនិ មន្ត្រីសុខាភិបាល បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាព នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០យប់ ក្នុងជន្មាយុ២៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

មរណភាពរបស់ កញ្ញា អ៉ឹម ស្រីនិ គឺជាការបាត់បង់ នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩។

ក្នុងឱកាសប្រកប ដោយសមានទុក្ខដ៏ក្រៀមក្រំនេះ «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវមរណទុក្ខ ដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយ ក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ហើយសូមឧទ្ទិសបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធកញ្ញា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

ក្រុមគ្រូពេទ្យខេត្តព្រះសីហនុបានថ្លែងថា អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ផ្នែកព្យាបាលអ្នកជំងឺកូវីដ-១៩ បានស្លាប់នៅម៉ោង១០យប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ-១៩។ បន្ទាប់មកអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ-១៩ និងបានព្យាបាលអស់ពីចិត្តថ្លើមនៅខេត្តព្រះសីហនុ តែដោយសារស្ថានភាពជំងឺធ្វើទុក្ខខ្លាំងពេក ក្រុមគ្រូពេទ្យ ក៏បានបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន និងសោកស្តាយបំផុត។

ក្រុមគ្រូពេទ្យបាននិយាយថា នេះជាការបាត់បង់យុទ្ធជនអាវ.ស ដែលជាធនធានមនុស្សដ៏សកម្មម្នាក់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖